កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

14 Mar, 2024 05:10 AM | 8 months ago

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
(ខេត្តកំពង់ចាម)៖ នារសៀលថ្ងៃព្រហស្បតិ៍ ០៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម ដោយទទួលបានការគាំទ្រពី សហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ«សក្តានុពលទេសចរណ៍ និងស្ថានភាពពាណិជ្ជកម្មនៅខេត្តកំពង់ចាម» ក្រោមអធិបតីភាព លោក ម៉ៅ កកឃីន អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី តំណាង ឧកញ៉ា ហ៊ួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុក កិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត និង ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ស្ថាបនិកផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក ហើយក្នុងឱកាសនោះ អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និង ឯកឧត្តមបណ្ឌិត ក៏បានចូលរួមជាវាគ្មិនកិត្តិយស ហើយក៏មានវាគ្មិនកិត្តិយសមួយរូបបន្ថែមទៀត លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។
កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន ៦០នាក់ ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលម្អអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបាន ឧបត្ថម្ភដោយ ធនាគាប្រៃយ៍នីកម្ពុជា ក.អ, ធនាគាវីង (ខេមបូឌា)ម.ក, ក្រុមហ៊ុនគ្រឿងសំណង់ ហ៊ួត ជា, ផ្សារវីនស៊ូ, ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និង ក្រុមហ៊ុន អិលអេហ្វប៊ី ត្រេឌីង ឯ.ក និងប្រធាន អនុប្រធាន សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី។
ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ មានមតិចូលរួមក្នុងការបិទកម្មវិធី និងបានវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយសមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីខាងលើបានបញ្ចប់នូវល្ងាចថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។
Post details 1