កិច្ចប្រជុំស្ដីពីការកសាង កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា
08 Mar, 2024 10:19 AM | 8 months ago
នារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំស្ដីពីការកសាង កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា ក្រោមប្រធានបទការកសាងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងមច្ឆានិងអង្ករ ដែលប្រព្រឹត្តទៅក្រោមអធីបតីភាពនៃឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការនៃវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ស៊ុងជីនជី អភិបាលរងខេត្តសានទុង ព្រមទាំងមានការចូលរួមពីធុរជន និងតំណាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ប្រមាណ ២០០ នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងកម្ពុជា-ចិន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សម្ភារៈមេកានិច និងអេឡិចត្រូនិកជាដើមដែលសុទ្ធសឹងតែជាវិស័យចម្បងរបស់ខេត្តសានទុង និងមានកាលានុវត្តភាពសហការជាមួយកម្ពុជា។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូខេត្តសានទុងដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងការចូលរួមយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញទំនាក់ទំនងធុរកិច្ច និងសេដ្ឋកិច្ចកម្ពុជាចិន។ អ្នកឧកញ៉ា បានជំរុញលើកទឹកចិត្តវិនិយោគិនចិនបន្តនិងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅដ៏ប្រសើរសម្រាប់វិនិយោគិនបរទេស ដែលមានបំណងស្វែងរកទីផ្សារទូលំទូលាយ គោលនយោបាយអំណោយផល និង កំណើនសក្តានុពល។ វិនិយោគិនចិន អាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញផលិតផលដោយទទួលបាននូវការអនុគ្រោះពន្ធគយទៅកាន់ប្រទេសជាច្រើនក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីកម្រិតតំបន់ ពហុភាគី និងទ្វេភាគី។ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់ ការពារ ថែទាំ និងលើកទឹកចិត្ត វិនិយោគិន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់ និងដឹកនាំ វេទិការាជដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់វិស័យឯកជនទាំងក្នុងស្រុក និង បរទេសដែលមកវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា ជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់ការជួបជុំក្នុងឱកាសនៃកិច្ចប្រជុំនេះ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ឆ្ពោះទៅ កសាងតំបន់ដែលរឹងមាំងជាងមុន រីកចម្រើនជាងមុន និង សមាហរណកម្មជាងមុន។