ជំនួបសម្តែងការគួរសមនិងជំនួបពាណិជ្ជកម្មជាមួយគណកម្មាធិការនៃកិច្ចប្រជុំកំពូលធុរកិច្ចពិព័រណ៍អាស៊ាន-ចិន

06 Mar, 2024 08:58 AM | 8 months ago

ជំនួបសម្តែងការគួរសមនិងជំនួបពាណិជ្ជកម្មជាមួយគណកម្មាធិការនៃកិច្ចប្រជុំកំពូលធុរកិច្ចពិព័រណ៍អាស៊ាន-ចិន
នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លឹម ហេង
ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយ លោក Liu Shuyi អនុប្រធានគណកម្មាធិការនៃកិច្ចប្រជុំកំពូលធុរកិច្ចពិព័រណ៍អាស៊ាន-ចិន ។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនង រវាងកម្ពុជា-ចិន ព្រមទាំងចែករំលែកអំពីសក្តានុពល និងវឌ្ឍនភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបបពិភាក្សានេះ លោក Liu Shuyiបានបង្ហាញអំពីបំណងរបស់ខេត្តក្វាងស៊ីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការធ្វើពាណិជ្ជកម្មក្នុងវិស័យផ្សេងៗរួមមានវិស័យអប់រំ ពាណិជ្ជកម្មបែបអេឡិចត្រូនិច បច្ចេកវិទ្យា អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ អាស្រ័យដូចនេះហើយ លោកបានដឹកនាំគណប្រតិភូចិន ក្នុងនោះមានក្រុមហ៊ុនចិនចំនួន៤ដែលពោរពេញទៅដោយសក្ដានុពលដែលមានបំណងក្នុងការស្វែងរក ដៃគូជាមួយនិងវិស័យឯកជនក្នុងប្រទេសកម្ពុជា។លោកក៏បានលើកឡើងផងដែរអំពីគម្រោងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលធុរកិច្ចពិព័រណ៍អាស៊ាន-ចិនលើកទី ២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ដូចនេះលោកស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា និងអញ្ជើញសមាជិកសភាពាណិជ្ជកម្មកម្ពុជាចូលរួម ព្រឹត្តិការណ៍មួយនេះនៅខេត្តក្វាងស៊ីដើម្បី បន្ដស្វែងរកដៃគូសហការសម្រាប់អាជីវកម្ម។
អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅ និង គាំទ្រចំពោះព្រឹត្តិការណ៍ធុរកិច្ចកំពូលមួយនេះ ដែលពិតជារួមចំណែក ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្រៅពីនេះអ្នកឧកញ៉ា លឹម ហេង ក៏បានអញ្ជើញលោក Liu Shuyi និងគណប្រតិភូផ្សេងៗទៀតទៅបំពេញទស្សនកិច្ចនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីសក្ដានុពលពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។
Post details 1