កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ (គ.ស.ជ.ដ.ឆ)
02 Mar, 2024 11:12 AM | 8 months ago
នៅថ្ងៃសុក្រ ០៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ (គ.ស.ជ.ដ.ឆ) ក្រោមអធិបតីភាព ឯកឧត្តម វ៉ាស៊ីម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្តមប្រធានកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ (គ.ស.ជ.ដ.ឆ)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូនផ្នែកឯកជន និងសមាជិក សមាជិកានៃកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សា ត្រួតពិនិត្យវឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពការងារដឹកជញ្ចូនឆ្លងកាត់ព្រំដែនតាមរយៈការអនុវត្តកិច្ចព្រមព្រៀងនានាក្នុងក្របខ័ណ្ណទ្វេភាគី ត្រីភាគី មហាអនុតំបន់មេគង្គ និងអាស៊ាន ព្រមទាំំងពង្រឹងការងារ និងតួនាទីភារកិច្ចរបស់ គ.ស.ជ.ដ.ឆ ផងដែរ។
កិច្ចប្រជុំក៏បានពិគ្រោះ ពិភាក្សាលើបញ្ហាដែលមានក្នុងរបៀបវារៈនៃកិច្ចប្រជុំមួយចំនួនដូចជា៖ ១.បញ្ហា Launching Event, ២.បញ្ហាប្រឈមនៅតាមច្រកទា្វរអន្តរជាតិ, ៣.នីតិវិធីគយ, ៤.បញ្ហាធានារ៉ាប់រង, ៥.ការធ្វើវឌ្ឍនភាពនៃការអនុវត្ត ASEAN Customs Transit System (ACTS), ៦.ការធ្វើបច្ចុប្បន្នភាពសមាជិក គ.ស.ជ.ដ.ឆ, និង ៧.ការកំណត់ឱ្យមានកិច្ចប្រជុំជាទៀងទាត់។ បន្ថែមពីលើនេះ កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនផងដែរដូចជា៖ ៨.ការពង្រឹងការសម្របសម្រួល និងគ្រប់គ្រងចរាចរណ៍នៅតាមច្រកទ្វារអន្តរជាតិ, ៩.ការបង្កើតឱ្យមានចំណតរង់ចាំនៅតាមច្រកទ្វារអន្តរជាតិ, និង ១០.កិច្ចព្រមព្រៀង Inter State។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ថ្ងៃត្រង់ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].