វេទិកាចែករំលែក៖ “ស្វែងយល់ពីភាពខុសគ្នារវាងការគ្រប់គ្រង និងការចាត់ចែងស្ថាប័ន”

09 May, 2025 11:55 AM | 1 week ago

វេទិកាចែករំលែក៖ “ស្វែងយល់ពីភាពខុសគ្នារវាងការគ្រប់គ្រង និងការចាត់ចែងស្ថាប័ន”
វេទិកាចែករំលែក៖ “ស្វែងយល់ពីភាពខុសគ្នារវាងការគ្រប់គ្រង និងការចាត់ចែងស្ថាប័ន”
................................................
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ CEO Master Club បានរៀបចំវេទិកាចែករំលែកចំណេះដឹងស្ដីពី “ស្វែងយល់ពីភាពខុសគ្នារវាងការគ្រប់គ្រង និងការចាត់ចែងស្ថាប័ន” ជូនដល់សមាជិក សមាជិកា និងអ្នកចូលរួមប្រមាណ ១០០ នាក់ នៅសភាពាណិជ្ជកម្មកម្ពុជា។
វេទិកាចែករំលែកខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាស្ថាបនិក CEO Master Club ។
វេទិកានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការងារគ្រប់គ្រង និងការចាត់ចែងស្ថាប័នមួយឱ្យមានប្រសិទ្ធភាព តាមរយៈការបែងចែកច្បាស់លាស់អំពីមុខងារ និងការទទួលខុសត្រូវផ្សេងគ្នា។
កម្មវិធីថ្ងៃនេះ ក៏ជាវេទិកាចែករំលែកចំណេះដឹងមួយសម្រាប់ការអភិវឌ្ឍន៍សមត្ថភាពដល់អ្នកគ្រប់គ្រង ក៏ដូចជាការពង្រឹងភាពជាអ្នកដឹកនាំ ដល់អ្នកចូលរួម តាមរយៈការចែករំលែកដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ាដែលមានបទពិសោធន៍ជាង ១៥ឆ្នាំ លើ បេសកម្មអប់រំ និងបណ្តុះបណ្តាល សហគ្រិន ថ្នាក់ដឹកនាំ អាជីវកម្ម និងយុវជន ដែលជាមូលធនមនុស្សនៅកម្ពុជា។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានវាយតម្លៃខ្ពស់ចំពោះការសហការរវាងសភាពាណិជ្ជកម្ម និង CEO Master Club ក្នុងការរៀបចំវេទិកាចែករំលែកនេះ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងទទួលបាននូវខ្លឹមសារនៃការចែករំលែកដ៏មានសារៈសំខាន់ សម្រាប់ជា ចំណេះដឹងបន្ថែមយកទៅអនុវត្តលើស្ថាប័ន ឬអាជីវកម្មរបស់ខ្លួន ដែរធ្វើយ៉ាងណាឱ្យវិស័យធុរកិច្ច ពាណិជ្ជកម្ម ធនធានមនុស្សក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ជាលំដាប់។
រូបភាព និងអត្ថបទដោយ: នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង