សិក្ខាសាលាផ្ទៀងផ្ទាត់លើការរៀបចំសំណើរគម្រោងពេញលេញស្តីពី "ការគ្រប់គ្រងសំណល់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិចនៅកម្ពុជា"
11 Apr, 2025 14:34 PM | 3 weeks ago














សិក្ខាសាលាផ្ទៀងផ្ទាត់លើការរៀបចំសំណើរគម្រោងពេញលេញស្តីពី "ការគ្រប់គ្រងសំណល់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិចនៅកម្ពុជា"
Validation Workshop of Project Preparation Grant on "Electronic Waste Management in Cambodia" in Global Electronic Management (GEM).
———
នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅសណ្ឋារគារហ៊ីម៉ាវ៉ារីភ្នំពេញ, លោក ឡោ ចន សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារ "ញ" "ផ្នែកថាមពល និងធនធានរ៉ែ" ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង រួមនឹង លោក កែវ វាសនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ និងជាលេខាធិការដ្ឋានក្រុមការងារផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់លើការរៀបចំសំណើរគម្រោងពេញលេញស្តីពី "ការគ្រប់គ្រងសំណល់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិចនៅកម្ពុជា" ដែលត្រូវបានរៀបចំឡើងដោយមានការសហការគ្នារវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) ក្រោមអធីបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia)។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, សមាគមឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សិក្ខាសាលានេះមានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសំណើរពេញលេញ ដើម្បីស្នើសុំប្រមូលធាតុចូល មតិយោបល់ និងអនុសាសន៍ដ៏មានសារៈសំខាន់សំដៅបំពេញបន្ថែមនូវភាពខ្វះខាត និងផ្តល់សុពលភាពលើឯកសារសំណើរគម្រោងពេញលេញខាងលើនេះពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]