គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាមប្រកបដោយភាពជោគជ័យ

21 Mar, 2025 10:02 AM | 4 weeks ago

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាមប្រកបដោយភាពជោគជ័យ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាមប្រកបដោយភាពជោគជ័យ 
.......................................
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ជឹម សុខ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូសរុប ៣៦រូប ធ្វើទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មឆ្នាំ២០២៥ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) ដោយមានការចូលរួមពី សភាពាណិជ្ជកម្មរាជធានីភ្នំពេញ សភាពាណិជ្ជកម្មខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
គោលបំណងសំខាន់នៃកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មឆ្នាំ២០២៥ គឺដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជករកម្ពុជា និងវៀតណាម ការចាប់ដៃគូពាណិជ្ជកម្ម និងចុះទស្សនកិច្ចទីតាំងប្រព័ន្ធផលិតកម្ម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងដំណើរការពាណិជ្ជកម្ម ផលិតកម្ម និងការកែច្នៃ ក៏ដូចជាឱកាសពិសេសមួយក្នុងការដាក់បង្ហាញផលិតផលទៅវិញទៅមករវាងកម្ពុជា-វៀតណាម។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រចាំទីក្រុងហូជីមិញ និងបានចូលរួមកម្មវិធីផ្គូផ្គរពាណិជ្ជកម្មជាមួយសមាគមពាណិជ្ជករខណ្ឌទី៦ នៃទីក្រុងហូជីមិញ។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏បានទៅទស្សនកិច្ចនៅក្រុមហ៊ុនផលិតអង្ករ TV Food Company Limited, ក្រុមហ៊ុនផលិតប្រេងរំអិល Indo-Petrol, ទស្សនកិច្ចនៅរោងសិប្បកម្មផលិតគ្រឿងទេស Bao Ngoc ព្រមទាំងបានចូលរួមពិព័រណ៍កែច្នៃ និងវេចខ្ចប់អន្តរជាតិ ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ទីក្រុងហូជីមីញ។
ជាលទ្ធផល ទស្សនកិច្ចពាណិជ្ជកម្មខាងលើបានផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា បានជួបដោយផ្ទាល់ជាមួយពាណិជ្ជករវៀតណាម ដើម្បីជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើវិស័យសក្តានុពលដែលភាគីទាំងពីរមាន ដើម្បីអាចឈានទៅដល់ការចាប់ដៃគូពាណិជ្ជកម្មនាពេលខាងមុខ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឧកញ៉ា ជឹម សុខ ប្រធានគណៈប្រតិភូ បានគោរពអញ្ជើញពាណិជ្ជករវៀតណាម មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់កាន់តែច្បាស់ និងអាចពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូជាមួយពាណិជ្ជករកម្ពុជា ក៏ដូចជាដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានា ជាពិសេសគឺវិស័យកសិកម្ម។ ជាការឆ្លើយតប ក្រុមពាណិជ្ជករវៀតណាម បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងទៅលើវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជា និងបានសន្យារកពេលវេលាសមស្របណាមួយ ដើម្បីមកទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់។
គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕
ជាចុងក្រោយ សភាពាណិជ្ជកម្មកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការរៀបចំ និងសម្របសម្រួលឱ្យកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ប្រទេសវៀតណាម ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យជាវិជ្ជមាន។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង