កិច្ចប្រជុំភាពជាដៃគូ ក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
10 Mar, 2025 14:14 PM | 1 month ago









កិច្ចប្រជុំភាពជាដៃគូ ក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue partnership meeting of the Working group “P” “Territorial Administration, Security and Public Order" of G-PSF.
————
ថ្ងៃចន្ទ ទី១០ ខែមិនា ឆ្នាំ២០២៥ មានរៀបចំកិច្ចប្រជុំក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សហការរៀបចំរវាងក្រុមការងារលេខាធិការដ្ឋានសម្របសម្រួលក្រុមារងារទាំងពីរ សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជា សហប្រធានក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ តំណាងផ្នែកឯកជន នឹងដឹកនាំ អនុប្រធាន សមាជិកសមាជិកា នៃក្រុមការងារ «ត» (តាមសេចក្តីសម្រេចលេខ៩៧សសរ) និងក្រុមការងារចំពោះកិច្ចផ្នែកឯកជន, ជាពិសេស មានការចូលរួម ពីតំណាងសមាគមធុរកិច្ចជាតិ-អន្តរជាតិ និងក្រុមហ៊ុនឯកជនជាច្រើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសំណេះ សំណាលភាពជាដៃគូក្រុមការងារ «ត» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ក្នុងកិច្ចប្រជុំភាពជាដៃគូនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមការងារ «ត» តំណាងផ្នែករដ្ឋាភិបាល ជាពិសេសក៏មានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកសមាជិកានៃក្រុមការងារ (តាមសេចក្តីសម្រេចលេខ ៩៦ សសរ)។ កិច្ចប្រជុំនេះផងដែរនឹងមានការចូលរួមពីសំណាក់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងសមាជិកក្រុមការងារ «ត» ផ្នែកឯកជន ព្រមទាំងថ្នាក់ ដឹកនាំ សំខាន់ៗ ពីស្ថាប័នរដ្ឋ ពាក់ព័ន្ធសំខាន់ៗ និង តំណាងឯកជន ពីសមាគម ក្រុមហ៊ុន សមាគមជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ១១១
គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ (១). គណ:អភិបាលខេត្ត/ក្រុង មួយចំនួនមិនទាន់មានការសហការល្អជាមួយ សភាពាណិជ្ជកម្មថ្នាក់ខេត្ត, (២). បញ្ហាការត្រួតពិនិត្យនៅមាត់ច្រកចេញចូលតាមព្រំដែន ពីសំណាក់ប្រធានមាត់ច្រក ដែលជាមន្ត្រីដែលចាត់តាំងពីសាលាខេត្ត, (៣). ចរាចរណ៍ផ្លូវគោក នៅពេល ក្រុមហ៊ុនជួបគ្រោះថ្នាក់ ចរាចរណ៍ (មិនដល់ជីវិត), (៤). សំបញ្ហាផ្លាកសញ្ញាចរាចរណ៍, (៥). ការត្រួតពិនិត្យអ្នកបើកបរដែលមានផ្ទុក ឬប្រើប្រាស់សារធាតុញៀន, (៦). សំណើរសុំកិច្ចសហប្រតិបត្តិការ និងចាត់វិធានការលើបទល្មើសបច្ចេកវិទ្យា (Cyber-Crime), (៧). បញ្ហាប្រឈមចំពោះបច្ចេកទេសក្នុងការប្រើប្រាស់ ដ្រូនកសិកម្ម, និង (៨). ផ្សេង។ ជាលទ្ធផលអង្គប្រជុំបានឯកភាពទទួលយកដំណោះស្រាយ ក៏ដូចជាធាតុចូលពីវិស័យឯកជន ដើម្បីពិនិត្យធ្វើយ៉ាងណាសម្របសម្រួលផ្តល់ជូនឲ្យវិស័យនេះនូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំពិភក្សាភាពជាដៃគូនៃក្រុមការងារ “ត” នេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:៣០នាទីល្ងាច ទទួលបានលទ្ធផលល្អ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលខុសត្រូវខ្ពស់។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].