សិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម»
20 Feb, 2025 11:45 AM | 2 days ago

.jpg)

























សិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម»
............................................................
(រាជធានីភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ។
សិក្ខាសាលាខាងលើ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ, ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ, លោក ភាព សុភ័ណ តំណាងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងលោក ជា ថារក្ស ប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ពាណិជ្ជករ អាជីវករ សិប្បករ និងសិស្ស-និស្សិត ប្រមាណ១២០នាក់។
សិក្ខាសាលានេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរឡើងនូវការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ស្វែងយល់បន្ថែមអំពីប្រភេទនៃស្តង់ដារ និងបទដ្ឋានគតិយុត្តសំខាន់ៗ ដើម្បីបង្កើនទំនុកចិត្ត ភាពជឿជាក់លើគុណភាព និងសុវត្ថិភាពផលិតផល ព្រមទាំងអាចជួយបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារ។ ក្នុងន័យនេះ សមត្ថភាព និងជំនាញ របស់ម្ចាស់សហគ្រាស និងបុគ្គលិក គឺមានសារៈសំខាន់ណាស់ និងជាកត្តាគន្លឹះក្នុងការធានាបាននូវស្តង់ដារផលិតផល និងកេរ្តិ៍ឈ្មោះសហគ្រាស ដើម្បីធានាចីរភាពនៃទីផ្សារ និងភាពប្រកួតប្រជែងរយៈពេលវែង។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងពីសារៈសំខាន់នៃស្លាកសញ្ញាស្តង់ដារក្នុងការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាគុណភាពផលិតផល ជាពិសេសផលិតផលដែលមានបំណងនាំចេញ។ លោកបណ្ឌិត ក៏សង្កត់ធ្ងន់ទៅលើការរៀបចំប្រព័ន្ធផលិតកម្មឲ្យបានល្អ គឺសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យរបស់អាជីវកម្ម ជាពិសេសក្នុងសហគ្រាសផលិតម្ហូបអាហារ ដោយបានលើកឡើងពីកត្តាសំខាន់ចំនួនបីនៅក្នុងដំណើរការគ្រប់គ្រងប្រព័ន្ធផលិតកម្ម គឺ៖ ១. ការគ្រប់គ្រងវត្ថុធាតុដើម ត្រូវធានាឱ្យបាននូវប្រភពគុណភាព ដំណើរការត្រឹមត្រូវ ការវេចខ្ចប់ ការស្តុកទុក និងការដឹកជញ្ជូន។ ២. ម្ចាស់អាជីវកម្មគួរតែវិនិយោគលើការគ្រប់គ្រងធនធានមនុស្ស រក្សាបុគ្គលិកដែលមានជំនាញ និងបន្តការអភិវឌ្ឍកម្លាំងពលកម្ម និង៣. ការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវ ដើម្បីធានានិរន្តរភាព និងពង្រីកអាជីវកម្ម។
ក្នុងឱកាសនេះដែរ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលាក្នុងថ្ងៃនេះ ដែលទទួលបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។ ឯកឧត្តមឧកញ៉ាអគ្គនាយក បានមានប្រសាសន៍ថា ប្រធានបទនៃអង្គសិក្ខាសាលាថ្ងៃនេះ ពិតជាបានផ្តល់នូវសារៈសំខាន់យ៉ាងចាំបាច់ជូនដល់អ្នកចូលរួម អាចឈ្វែងយល់កាន់តែស៊ីជម្រៅអំពីនិតីវិធី និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយលម្អិតពីមន្រ្ដីជំនាញមកពីវិទ្យាស្ថានស្ដង់ដារ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ស្ថាប័នសាធារណៈ នៅក្នុងការជួយគាំទ្រដល់វិស័យឯកជននៅកម្ពុជា។
សូមជម្រាបជូនថា សិក្ខាសាលាខាងលើនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ក្រោមកិច្ចសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) ក្រសួងពាណិជ្ជកម្ម និងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ព្រមទាំងទទួលបានការឧបត្ថម្ភដោយធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា៕
រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
