កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
19 Feb, 2025 10:50 AM | 3 days ago








កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting, group "G" "Export Promotion and Trade Facilitation" of the Government-Private Sector Forum.
———
នៅរសៀលថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឆ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ឆ" ផ្នែកឯកជន, តំណាងសមាគមស្វាយចន្ទីនៅកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមស្បែកជើងនៅកម្ពុជា, តំណាងសមាគមផលិតផលធ្វើដំណើរពីស្បែកនៅកម្ពុជា, តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា, និងសមាជិក សមាជិកានៃក្រុមការងារ "ឆ" ផ្នែកឯកជនមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងពាណិជ្ជកម្មនាពេលខាងមុខនេះ។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាលើកដំបូងនៃឆ្នាំ២០២៥ នេះផងដែរ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមដែលមានស្រាប់របស់ផ្នែកឯកជន និងពិភាក្សាលើបញ្ហាប្រឈមថ្មីៗមួយចំនួនទៀតរួមមាន៖ ១. ការលើកលែងកម្រៃបែបបទគយចំពោះការនាំចេញផលិតផលកសិកម្ម, ២. ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស, ៣. បញ្ហាក្នុងការផ្ទុកទំនិញនៅកំពង់ផែ, ៤. ការចុះបញ្ជីហាឡាល់នៅក្រសួងពាណិជ្ជកម្ម រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:១០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
