កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ញ" "ផ្នែកធនធានរ៉ែ និងថាមពល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
18 Feb, 2025 10:21 AM | 4 days ago





កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ញ" "ផ្នែកធនធានរ៉ែ និងថាមពល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting, group "J" "Mine and Energy" of the Government-Private Sector Forum.
———
នៅរសៀលថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភះឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ញ" "ផ្នែកធនធានរ៉ែ និងថាមពល” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ញ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, អនុសហប្រធានក្រុមការងារ "ញ" ផ្នែកឯកជន, តំណាងសមាគមអគ្គសនីជនបទ, តំណាងសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, តំណាងសមាគមស្បែកជើងនៅកម្ពុជា, តំណាងសមាគមអ្នកផលិតថ្មសំណង់កម្ពុជា, និងសមាជិក សមាជិកានៃក្រុមការងារ "ញ" ផ្នែកឯកជនមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យរ៉ែ និងថាមពល ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងរ៉ែ និងថាមពលនាពេលខាងមុខនេះ។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាលើកដំបូងនៃដើមឆ្នាំ២០២៥ នេះផងដែរ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជន និងបានសម្រេចឯកភាពដកបញ្ហាចាស់ៗដែលទទួលបានការដោះស្រាយរួចហើយ និងពិភាក្សាលើបញ្ហាប្រឈមថ្មីៗមួយចំនួនទៀតរួមមាន៖ ១. ការបន្តសុពលភាពអាជ្ញាប័ណ្ណ, ២. ការចុះអន្តរាគមន៌មិនបានទាន់ពេលវេលា, ៣. ការអនុវត្តច្បាប់មិនមានតម្លាភាព, ៤. ការជួលទីតាំង រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
