កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជាឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៥
25 Jan, 2025 14:08 PM | 3 weeks ago








កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជាឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៥
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា អញ្ជើញចូលរួម «កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជាឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហេង សួរ ក៏បានផ្ដល់នូវអនុសាសន៍សម្រាប់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ផងដែរដូចជា ១/ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ដូចជាការត្រួតពិនិត្យ វាយតម្លៃ ចុះបញ្ជី និងផ្តល់គោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ប្រកបដោយគុណវុឌ្ឍិ ពិសេសគឺការនាំយកនូវជំនាញ និងបទពិសោធន៍ល្អៗ ផ្តល់ជូនដល់វិស្វករចុះបញ្ជីក្នុងការបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរស្របតាមតម្រូវការនៃការអនុវត្តសង្គម។ ២/ រៀបចំ និងវិសោធនកម្មបទដ្ឋានគតិយុត្តនានាឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន (MRAs)។ ៣/ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO), គណៈកម្មការសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់៕
សូមជម្រាបផងដែរថា គណៈវិស្វករកម្ពុជា (គ.វិ.ក.) គឺជាអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិ បង្កើតឡើងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៩ ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្ម (MRAs) ដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
