ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

23 Jan, 2025 11:11 AM | 4 weeks ago

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
 
 
 
 
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
Closing ceremony AGM 2024 and works directions 2025 of MPWT.
———-
នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំង ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ «ច» «ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន» ផ្នែកឯកជន និងថា្នក់ដឹកនាំនៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អង្គទូត តំណាងអង្គទូត លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំអង្គសន្និបាតរយៈពេល ១ថ្ងៃពេញ នាថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ កន្លងទៅក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាពសហគ្រាសសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ដ ព្រមទាំងកងវិស្វកម្មទាំងអស់ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន និងបានពិភាក្សាផ្លាស់ប្ដូរយោបល់ និងពិនិត្យវាយតម្លៃលើវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារ យ៉ាងផុលផុសប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរស្របតាមផែនការ និងទិសដៅការងាររបស់ក្រសួងដែលបានគ្រោងទុក។
គួរបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន ក៏ត្រូវបានកំណត់នៅក្នុងបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” ត្រង់មុំទី២ ការលើកកម្ពស់ការតភ្ជាប់ និង ការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក និងក្នុងបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” ត្រង់មុំទី៤ ការពង្រឹង ការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលការណ៍នេះ នឹងរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ រួមមាន ១)ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្ម ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាព លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:៣០នាទី ក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលជាផ្លែផ្ការ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1