វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា
26 Dec, 2024 11:01 AM | 1 month ago

















វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា
---------------
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជគម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថល» ដែលសហការរៀបចំដោយ ស្ថាប័នពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA)។
វេទិកានេះបានអញ្ជើញចូលរួមដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា,ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជា, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ពុជា,ឯកឧត្តមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ , លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភាកម្មកម្ពុជា, លោកស្រី BUI THI THANH HANG នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, លោក DO QUOC HUNG ប្រធាននាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក នៃក្រសួងឧស្សាហកម្មនិពាណិជ្ជកម្មវៀតណាម និងធុរជននៃប្រទេសទាំងពីរសរុប ១៤០នាក់។
គោលបំណងនៃវេទិកានេះគឺ ដើម្បីតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ធុរកិច្ចវៀតណាមក្នុងការស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគជាមួយនឹងសហគមន៍ធុរកិច្ចនៅកម្ពុជា។
នៅក្នុងនៃវេទិកានេះផងដែរ ក៏មាននូវពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្ករវាងក្រុមហ៊ុនរោងម៉ាស៊ិនកិនស្រូវ Kon Khmer Co., Ltd ដែលជាសហគ្រាសក្នុងស្រុក ជាមួយក្រុមហ៊ុននិងអាជីវកម្មវៀតណាមមួយចំនួនដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
