កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចផ្នែកឯកជនសម្រាប់ទ្រទ្រង់វិស័យវារីវប្បកម្ម
20 Dec, 2024 11:13 AM | 1 month ago
កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចផ្នែកឯកជនសម្រាប់ទ្រទ្រង់វិស័យវារីវប្បកម្ម
Private sector committee meeting on the support of aquaculture sector in Cambodia.
———
នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ាបណ្ឌិត ណាង សុធី លេខាធិការសភាពាណិជ្ជកម្មកម្ពុជា និងជា អនុប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វិស័យវារីវប្បកម្មនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចផ្នែកឯកជនសម្រាប់ទ្រទ្រង់វិស័យវារីវប្បកម្ម។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានវត្តមានពីតំណាងសមាគមវារីវប្បករនៅកម្ពុជា, តំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា, តំណាងសមាគមសហគមន៍ចុងភៅកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងទទួលធាតុចូលពីសំណាក់ដៃគូពាក់ព័ន្ធជាពិសេសតំណាងសមាគមផ្នែកឯកជនក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកឡើងនូវបញ្ហាប្រឈមក្នុងវិស័យនេះ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូផ្នែករដ្ឋាភិបាល ក្នុងន័យលើកស្ទួយផលិតកម្ម, បង្កើនទីផ្សារ និងជំរុញផលិតកម្មវារីវប្បកម្មឱ្យមានគុណភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចំពោះកិច្ចផ្នែកឯកជនសម្រាប់ទ្រទ្រង់វិស័យវារីវប្បកម្ម បន្ទាប់ពីមានសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វិស័យវារីវប្បកម្មនៅកម្ពុជា។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៤០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]