សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់សមាគមអគ្គិសនីជនបទ (ស.អ.ជ)
27 Feb, 2024 11:12 AM | 8 months ago
Annual Review Meeting 2023 of Rural Electricity Association (R.E.A).
———-
នៅថ្ងៃច័ន្ទ ០២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅមជ្ឈមណ្ឌល ដឺព្រេមៀសែនសុខ សិនធឺរ ឧកញ៉ាបណ្ឌិត ណាង សុធី អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ញ” “ផ្នែកថាមពល និងធនធានរ៉ែ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងាររួមផ្នែកឯកជន បានអញ្ជើញដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់សមាគមអគ្គិសនីជនបទ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ សន្និបាតនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងអគ្គិសនីកម្ពុជា, តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងនិយ័តករគណនេយ្យ និងសវនកម្ម និងតំណាងសេវាករអគ្គិសនីដែលជាសមាជិករបស់សមាគមអគ្គិសនីជនបទជាច្រើនទៀតផងដែរ។
លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទបានលើកឡើងថា គិតមកដល់បច្ចុប្បន្ននេះមានសេវាករអគ្គិសនីកំពុងដំណើរការអាជីវកម្មចំនួន ៤២៧ អាជ្ញាប័ណ្ណនៅទូទាំងប្រទេស ហើយសមាគមបានចែករំលែងព័ត៌មានដល់គ្រប់សេវាករទាំងអស់ទោះសេវាករនោះជាសមាជិករបស់សមាគម ឬមិនមែនក៏ដោយ។ តាមរយៈផែនការរបស់រាជរដ្ឋាភិបាលបានកំណត់ថា យ៉ាងហោចណាស់ ៩០% នៃភូមិទាំំងអស់ទូទាំងប្រទេសត្រូវមានអគ្គិសនីប្រើប្រាស់ នៅត្រឹមឆ្នាំ ២០៣០ តែដោយមានការខិតខំប្រឹងប្រែងរួមគ្នា និងមានការចង្អុលបង្ហាញយ៉ាងច្បាស់លាស់ពីអាជ្ញាធរអគ្គិសនីកម្ពុជាជំរុញឱ្យយើងសម្រេចបានចំនួន ៩០% នៅឆ្នាំ ២០២០ មុនផែនការកំណត់។ លើសពីនេះទៀត ក្នុងនាមជាសេវាករទាំងអស់ក៏មិនភ្លេចនូវការចូលរួមគាំទ្រពីអគ្គិសនីភាវូបនីយកម្មជនបទ ដែលផ្តល់ទុនកម្ចីដោយឥតការប្រាក់ដល់សេវាករទាំងអស់ដើម្បីពន្លឿនការអភិវឌ្ឍន៍បណ្តាញអគ្គិសនីតាមជនបទផងដែរ។
សន្និបាតនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].