គណៈប្រតិភូសភាពាណិជ្ជកម្ម​និងឧស្សាកម្មគុងកីដូ ស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា

17 Dec, 2024 09:53 AM | 4 days ago

គណៈប្រតិភូសភាពាណិជ្ជកម្ម​និងឧស្សាកម្មគុងកីដូ ស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
គណៈប្រតិភូសភាពាណិជ្ជកម្ម​និងឧស្សាកម្មគុងកីដូ ស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្ម​និងឧស្សាកម្មគុងកីដូ ដែលដឹកនាំដោយ លោក Bae Hae-dong ប្រធានសភាពាណិជ្ជកម្ម​និងឧស្សាកម្មគុងកីដូ Gyeonggi-do ​(GCCI) សាធារណរដ្ឋកូរ៉េ។
ឧកញ៉ា លឹម សុជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្ត គុងកីដូ Gyeonggi-do។ ឧកញ៉ា គូសបញ្ជាក់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលជាកាតាលីករសម្រាប់ពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឧកញ៉ាបានសង្កត់ធ្ងន់ថា កម្ពុជាជាដែនដីនៃកាលានុវត្តភាពសម្រាប់វិនិយោគិនគ្រប់រូប ។ ច្បាប់វិនិយោគកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់វិនិយោគិនដូចៗគ្នា ទាំងក្នុងស្រុក និង បរទេស។ លើសពីនេះទៀតជាមួយនឹងតួនាទីរបស់សភាពាណិជ្ជកម្មកម្ពុជា ស្ថាប័ននេះនឹងគាំទ្រវិនិយោគិនក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ។ ជាចុងក្រោយឧកញ៉ា លឹម សុជាតិ បានលើកទឹកចិត្តធុរជនកូរ៉េ ស្វែងរកឱកាស និងចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា។
លោក Bae Hae-dong បានថ្លែងអំណរគុណសម្រាប់កិច្ចប្រជុំនាថ្ងៃនេះ ហើយលោកពិតជាមានសេចក្ដីសោមន្សរីករាយដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកពិតជាមានការភ្ញាក់ផ្អើលជាមួយការអភិវឌ្ឍដ៏មានសន្ទុះរបស់កម្ពុជា និងការរីកដុះដាលនូវវិស័យឧស្សាហកម្មរបស់ប្រទេសមួយនេះ។ លោកបានគូសបញ្ជាក់ថា ទស្សនកិច្ច និងកិច្ចប្រជុំនៅថ្ងៃនេះគឺជាដំណើរឆ្ពោះទៅមុខសម្រាប់ការសហការថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មរបស់ប្រទេសទាំងពីរ។
កិច្ចពិភាក្សា បញ្ចប់ទៅដោយរលូន ហើយភាគីទាំងសងខាងបានចុះអនុស្សរណៈនៃការយោគយល់ដែលជាមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរដើម្បីជំរុញ ពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរ។
Post details 1