វេទិកាធុរកិច្ចកម្ពុជា-តួគីយេ
16 Dec, 2024 14:33 PM | 1 month ago
វេទិកាធុរកិច្ចកម្ពុជា-តួគីយេ
ទីក្រុងអង់ការ៉ា សាធារណរដ្ឋតួគីយេ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួគីយេ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-តួគីយេ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជឧស្សាហកម្ម និង គណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEiK)។ វេទិកាធុរកិច្ចនេះ មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាលតួកគី និងធុរជនតួគីយេនិងកម្ពុជា ជួបគ្នាពិភាក្សាអំពីសក្តានុពលប្រទេសទាំងពីរ ស្វែងរកកាលានុវត្តភាពវិនិយោគ និង ពង្រឹងទំនាក់ទំនងធុរកិច្ច។
ថ្លែងក្នុងឱកាសវេទិកាធុរកិច្ចនេះ ឧកញ៉ា គួច ផេង បានគួសបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើនពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ និងបានរំលេចអំពីកាលានុវត្តភាពធុរកិច្ចលើវិស័យសំខាន់ៗដែលធុរជនប្រទេសទាំងពីរអាចសហការគ្នាបានរួមមាន៖ វិស័យកសិកម្ម ទេសចរណ៍ ថាមពល សំណង់ និង បច្ចេកវិទ្យា។ ឧកញ៉ា ជំរុញលើកទឹកចិត្ត វិនិយោគិនតួគីយេ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស មានគោលនយោបាយលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន និងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក ដោយកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និង ទ្វេភាគី ដែលជួយសម្រួលដល់ការនាំចេញផលិតផលជាមួយអត្រាពន្ធគយទាប ទៅកាន់ទីផ្សារថ្មីៗ។