សិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធ"
23 Feb, 2024 11:01 AM | 8 months ago
ថ្ងៃទី២៖ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា
(រាជធានីភ្នំពេញ) នៅរសៀលថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជាបានសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅយកាត់ "ក.ប.ប" នៃក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធ" ថ្ងៃទី២៖ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ "ក.ប.ប"។ សិក្ខាសាលានេះក៏ទទួលបានការចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជា សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ៨០ រូប នៅសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងមតិស្វាគមន៍ដល់អង្គសិក្ខាសាលា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថាតាងនាម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំមានកិត្តិយស និងសេចក្តីសោមនោសរីករាយយ៉ាងក្រៃលែងដែលបានឃើញការចូលរួមដ៏ច្រើនកុះករពីសំណាក់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តំណាងអោយវិស័យឯកជនទាំងមូលដែលបានកំពុងប្រកបធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់ថ្ងៃទី២ គឺនឹងបរិយាយលម្អិតអំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា នារសៀលនេះ។
ឯកឧត្តម ឧកញ៉ា អគ្គនាយក បានប្រសាសន៍ផងដែលថាយើងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាជាច្រើនលើកច្រើនសាររួចមកហើយ មិនថា តែច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះទេ។ គោលបំណងចំបងរបស់យើងខ្ញុំគឺធ្វើយ៉ាងណាផ្សព្វផ្សាយជូនដល់វិស័យឯកជនអោយបានជ្រាបអំពីច្បាប់ ឫបទប្បញ្ញត្តិពាក់ព័ន្ធ ឫសេចក្តីប្រកាសទាក់ទិននឹងពាណិជ្ជកម្មណែនាំនានាដែលរដ្ឋាភិបាលបានដាក់ចេញអោយអនុវត្ត ដើម្បីបញ្ចៀសនូវការប្រព្រឹត្តកំហុសដោយអចេតនាណាមួយ ក៏ដូចជាទទួលបាននូវចំណេះដឹងបន្ថែមឈានដល់ការអភិវឌ្ឍន៍ក្រុមហ៊ុន ឫសហគ្រាសរបស់ខ្លួនអោយកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ជាពិសេសច្បាប់នេះប្រៀបបានដូចជារបងដ៏រឹងមាំមួយដែលអាចជួយអោយអ្នកកំពុងប្រកបរបរទទួលទានដោយស្មោះត្រង់ និងសុចរិកទទួលបាននូវការគាំពាពីសំណាក់រាជរដ្ឋាភិបាលក៏ដូជាអគ្គនាយកដ្ឋាន ក ប ប នៃក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងការប្រកបអាជីវកម្មរបស់ខ្លួនដោយមិនមានភាពភ័យខ្លាច និងឈ្នះរាល់ដៃគូរប្រកួតប្រជែងដែលមិនស្មោះត្រង់ណាមួយ។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីសិក្ខាសាលាផ្សព្វផ្សាយមួយនេះ សូមទំនាក់ទំនង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក សភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរស័ព្ទលេខ៖ ០១២៧៧៨៨៧៩ ឬសារអេឡិចត្រូនិច៖ [email protected]។