កិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥

10 Dec, 2024 11:57 AM | 1 week ago

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥
........................................................................
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មតាមបណ្ដារខេត្ត ថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មរាជធានី-ខេត្តចំនួន ៧៥ នាក់។ កិច្ចប្រជុំបានដំណើរការដោយផ្ដោតសំខាន់លើការបូកសរុបការងារសភាពាណិជ្ជកម្មខេត្តដែលបានសម្រេចកន្លងមកក្នុងឆ្នាំ ២០២៣-២០២៤ និងការងារដែលត្រូវដាក់ចេញអនុវត្តន៍បន្ដក្នុងឆ្នាំ២០២៥។
អ្នកឧកញ៉ា គិត ម៉េង ប្រធានអង្គប្រជុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងកន្លងមករបស់សភាពាណិជ្ជកម្មខេត្តទាំង១៧ ក្នុងការសម្រេចការងារជួយដល់សមាជិក សមាជិកា ទាំងការងារធុរកិច្ច ពាណិជ្ជកម្ម ការងារក្នុងយន្ដការភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការរៀបចំសិក្ខាសាលាថ្នាក់ជាតិនានា ។ អ្នកឧកញ៉ាប្រធាន ក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើការអនុវត្តន៍ការងាររបស់សភាពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើយ៉ាងណាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាពិសេសគឺបរិបទថ្មីនៃសង្គមសេដ្ឋកិច្ចឌីជីថល និងការកែទម្រង់បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្ពុជា ទទួលបន្ទុកកិច្ចការសភាពាណិជ្ជកម្មខេត្ត បានរាយការណ៍ជូនអ្នកឧកញ៉ាប្រធាន ក៏ដូចជាអង្គប្រជុំទាំងមូលអំពីរបាយការណ៍បូកសរុបលទ្ធផលវឌ្ឍនភាពការងារឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សភាពាណិជ្ជកម្មខេត្ត។ ជាលទ្ធផលក្នុងឆ្នាំ២០២៣-២០២៤ កន្លងមកសភាពាណិជ្ជកម្មខេត្តបានសម្រេចការងារមានដូចជា៖ កិច្ចការការងារបោះឆ្នោតសភាពាណិជ្ជកម្មរាជធានី-ខេត្ត វឌ្ឍនភាពការងារសភាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ កិច្ចសហការកន្លងមករវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត និងទិសដៅការងារបន្តឆ្នាំ២០២៥។
កិច្ចប្រជុំបានបានបន្តពិភាក្សាលើកិច្ចការសភាពាណិជ្ជកម្មខេត្តដោយផ្ដោតលើ សកម្មភាពការងារសភាពាណិជ្ជកម្មខេត្ត បញ្ហាប្រឈមនានា ដំណោះស្រាយ និងសំណូមពរផ្សេងៗ ជាពិសេសគឺដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ សម្រាប់សភាពាណិជ្ជកម្មខេត្តបណ្តាលខេត្តនានា។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
Post details 1