គណៈប្រតិភូស៊ែប៊ីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

06 Dec, 2024 11:10 AM | 2 weeks ago

គណៈប្រតិភូស៊ែប៊ីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ស៊ែប៊ីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយគណៈប្រតិភូស៊ែប៊ីដែលដឹកនាំដោយ លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក(Jovana Majstorovic) ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ីនៃសភាពាណិជ្ជកម្មស៊ែប៊ី។
លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក ថ្លែងអំណរគុណ អ្នកឧកញ៉ា លឹម ហេងដែលទទួលជួបពិភាក្សាការងារជាមួយ លោកស្រី និង គណៈប្រតិភូធុរកិច្ចស៊ែប៊ី និងបានគូសបញ្ជាក់អំពី គោលបំណងនៃដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូ គឺដើម្បីបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែជិតស្និទ្ធ ហើយកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មកម្ពូជានេះ គឺពិតមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរអាចសហការគ្នា។ ប្រទេសេស៊ែប៊ីគឺជាប្រទេសដែលសក្ដានុពលលើវិស័យកសិម្ហូបអាហារ និងបច្ចេកវិទ្យា ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងសហភាពអឺរ៉ុប។ គណៈប្រតិភូស៊ែប៊ី ក៏មានចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងទេសចរណ៍នៅកម្ពុជាផងដែរ។
អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូស៊ែប៊ីដែលពិតជារួមចំណែក ក្នុងការបង្កើនទំនាក់ទំនងកម្ពុជា-ស៊ែប៊ីអោយកាន់តែស៊ីជម្រៅ។ អ្នកឧកញ៉ា លឹម ហេងបានឯកភាពផងដែរថាការដែលមានអ្នកជំនាញរបស់ស៊ែប៊ីក្នុងផ្នែកបច្ចេកវិទ្យាកសិកម្ម និងការកែច្នៃអាហារ ពិចជាអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្មកម្ពុជា ខណៈដែលឧស្សាហកម្មផ្នែកទេសចរណ៍ដ៏រីកចម្រើនរបស់កម្ពុជាក៏ផ្ដល់ឱកាសវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់ធុរកិច្ចស៊ែប៊ីផងដែរ។ លើសពីនេះទៅទៀតអ្នកឧកញ៉ាក៏បានលើកឡើងអំពីសក្ដានុពលកម្ពុជា និងលើកទឹកចិត្តវិនិយោគិនស៊ែប៊ីមកវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា កម្ពុជាកំពុងស្ថិតលើគន្លងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាប្រទេសដែលមានសស្ថិរភាពនយោបាយ ទីតាំងយុទ្ធសាស្ត្រនៃតំបន់អាស៊ាន កម្លាំងពលកម្មសំបូរបែប និង មានទីផ្សាទូលំទូលាយតាមរយៈកិច្ចព្រៀងពាណិជ្ជកម្មសេរីជាច្រើន។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ សភាពាណិជ្ជកម្មទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគត។
Post details 1