ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអ្នកតំណាងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអ្នកតំណាងសាជីវកម្មហិរញ្ញវត្ថុ និងអង្គភាពអាជីវកម្មខ្នាតតូចជប៉ុន (JCF-Micro)
22 Nov, 2024 11:00 AM | 1 month ago
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអ្នកតំណាងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអ្នកតំណាងសាជីវកម្មហិរញ្ញវត្ថុ និងអង្គភាពអាជីវកម្មខ្នាតតូចជប៉ុន (JCF-Micro) ។
ជំនួបខាងលើនេះមានគោលបំណងក្នុងការផ្លាស់ប្ដូរបទពិសោធន៍ វិធីសាស្រ្ដ និងនីតិវិធីក្នុងការផ្ដល់ហរិញ្ញប្បទាន ដែលបានអនុវត្តយ៉ាងជោគជ័យនៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ស្ថាប័ន PRI និង JCF-Micro របស់ភាគីជប៉ុន ក៏មានបំណងសិក្សាស្វែងយល់ពីសកម្មភាព និងការគាំទ្ររបស់សភាពាណិជ្ជកម្មកម្ពុជាដល់បណ្ដាសមាជិករបស់ខ្លួន ជាពិសេសសកម្មភាពតាមសភាពាណិជ្ជកម្មគ្រប់ខេត្ត-ក្រុង និងស្វែងយល់បន្ថែមពីសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជាជាមួយនឹងធនាគារសហគ្រាសធុនតូច និងមធ្យម។
តំណាងស្ថាប័ន PRI និង JCF-Micro ខាងជប៉ុនបានធ្វើការកោតសរសើរខ្ពស់ដល់សកម្មភាពរបស់សភាពាណិជ្ជកម្មកម្ពុជាក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ក្នុងការជួយជ្រោមជ្រែងដល់សមាជិករបស់ខ្លួនទាំងអស់ ជាពិសេសការយកចិត្តទុកដាក់ទៅលើសហគ្រាសធុនតូច និងមធ្យម ដែលជានិច្ចជាកាលតែងមានកម្មវិធីបណ្ដុះបណ្ដាល ឬសិក្ខាសាលាផ្សេងៗ ដើម្បីពង្រឹងដល់អាជីវកម្មរបស់ពួកគាត់។
ជាចុងក្រោយ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលកន្លងមកតែងបានជួយដល់កម្ពុជា ទាំងជំនួយបច្ចេកទេស និងហិរញ្ញប្បទាន។
ជំនួបខាងលើក៏បានបញ្ចប់នៅរសៀលថ្ងៃដដែល ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង