ជំនួបរវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ខេត្តយូណាន

22 Nov, 2024 11:16 AM | 4 weeks ago

ជំនួបរវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ខេត្តយូណាន
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ជំនួបរវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ខេត្តយូណាន
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយ លោក ហូ ហ័រ អគ្គលេខាធិការនៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ខេត្តយូណាន ព្រមទាំងមានការចូលរួមពីធុរជន ចិន និងកម្ពុជា ប្រមាណ ៣០ នាក់ នៅសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់អំពីសក្តានុពល និងស្វែងរកដៃគូ ក្នុងការជំរុញការ វិនិយោគ និងធ្វើពាណិជ្ជកម្ម លើវិស័យផ្សេងៗជាពិសេស កសិកម្ម ទេសចរណ៍ និងសំណង់។ ក្នុងឱកាសនៃជំនួបពិភាក្សានេះ សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ខេត្តយូណាន បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍន៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទទាំងពីរ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម ខេត្តយូណាន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមឧកញ៉ា បានជម្រាបជូនអំពីតួនាទីសភាពាណិជ្ជកម្មកម្ពុជាក្នុងការអភិវឌ្ឍវិស័យឯកជន និងធុរកិច្ចនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្ត និងជម្រុញវិនិយោគិនខេត្តយូណានមកវិនិយោគនៅកម្ពុជាដោយ ឯកឧត្តមឧកញ៉ាបាន ចែករំលែកអំពីកាលានុវត្តភាពធុរកិច្ច សក្តានុពលនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
លោក ហូ ហ័រ បានកត់សម្គាល់អំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃប្រទេសកម្ពុជាក្នុងគ្រប់វិស័យ និង គូសបញ្ជាក់ថា ធុរជនខេត្តយូណានរីករាយក្នុងការវិនិយោគនៅកម្ពុជា។ គណៈប្រតិភូធុរកិច្ចខេត្តយូណានដែលអញ្ជើញមកពីបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ រួមមានមកពីវិស័យ សំណង់ កសិកម្ម រ៉ែ អប់រំ អេឡិចត្រូនិក និងពាណិជ្ជកម្ម។
Post details 1