ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។
22 Nov, 2024 15:46 PM | 4 weeks ago
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។
Closing ceremony of the AGM 2023-2024 and Direction 2025 of the Ministry of Mines and Energy.
————
នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤, នាសណ្ឋាគាសូហ្វីតែ ផូគីត្រា ភ្នំពេញ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំង ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ (ញ) និងសមាជិកពាក់ព័ន្ធ ចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និងថាមពលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឧបនាយករដ្ឋមន្ត្រី និងវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នឹងទាំងមន្ត្រីគ្រប់លំដាន់ថ្នាក់នៃក្រសួងរ៉ែ និងថាមពល ជាពិសេសវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ក្រុមហ៊ុន សមាគមពាក់ព័ន្ធជាច្រើន និងមានការចូលរួមពី អភិបាលនៃគណអភិបាលខេត្តមួួយចំនួន នៃ អាណត្តិទី៧ នៃរដ្ឋសភា។
ក្នុងគោបំណង រាយការណ៍អំពីសកម្មភាព "ក្នុងរយៈពេលមួយថ្ងៃកន្លះកន្លងទៅនេះ អង្គសន្និបាតបានធ្វើការវាយតម្លៃ និងពិភាក្សាលើការងារ ១ ឆ្នាំ ៣ ខែ កន្លងទៅលើវិស័យជាច្រើន។ ក្នុងនោះ ក្នុងឆ្នាំ២០២៣និងឆ្នាំ២០២៤ ក្រសួងបានយកចិត្តទុកដាក់យ៉ាងសំខាន់ក្នុងការសម្រួលបរិស្ថានធុរកិច្ច កាត់បន្ថយការិយាធិបតេយ្យ និងកាត់បន្ថយបន្ទុកចំណាយ។ ពាក់ព័ន្ធការគ្រប់គ្រងនិងអភិវឌ្ឍវិស័យរ៉ែ ក្រសួង បានសម្រួចលើអភិក្រមជាក់លាក់ចំនួន ៣គឺ ចំណូល បរិស្ថាន និងសុវត្ថិភាពសុខុមាលភាព រីឯការងារជាអាទិភាព ពាក់ព័ន្ធវិស័យប្រេងកាត គឺការបន្តស្វែងរកដំណោះស្រាយការអភិវឌ្ឍប្រេងកាតនៅតំបន់ទាមទារដែនសមុទ្រ ត្រួតគ្នាកម្ពុជា-ថៃ ការជំរុញដាក់ឱ្យដំណើការផលិតកម្មគម្រោងប្រេងកាតប្លុកAឡើងវិញ ការធានាឱ្យមានការផ្គត់ ផ្គង់ផលិតផលប្រេងកាត(ប្រេង និងឧស្ម័នឥន្ធនៈ) ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងការពង្រឹងសុវត្ថិភាពលើ ការដឹកជញ្ជូន សន្និធិ និងចែកចាយប្រេងនិងឧស្ម័នឥន្ធនៈ។ ចំពោះវិស័យថាមពល ជាមួយនឹងការដាក់គោលដៅ នៃការគ្រប់គ្រងនិងអភិវឌ្ឍវិស័យថាមពលដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គម ក្រសួងបានកំណត់ អភិក្រម៤គឺ ស្អាត ថ្លៃសមរម្យ ស្ថិរភាព និងសមធម៌ សម្រាប់ជាវិធីសាស្ត្រនៃការអភិវឌ្ឍបន្តទៀតដើម្បីឱ្យស្រប តាមនិន្នាការសកលថ្មី"។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបន្តថា "ក្រសួងកសាងបន្តលើមូលដ្ឋានដ៏រឹងមាំដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានបន្សល់ទុក ហើយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបន្តសម្រួច គោលនយោបាយអន្តរកាលថាមពលកម្ពុជាឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ មានអភិក្រមចំនួន ៤ គឺ (១) បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់ (២) រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុ ចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល (៣) បង្កើនស្ថិរភាពនិងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើ ទំនើបកម្មការផ្តល់សេវា (៤) បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។ ក្រសួង នឹងយកភាពជោគជ័យនៃការអនុវត្តអភិក្រមទាំង ៤ នេះទៅបម្រើវិស័យផ្សេងៗ និងទាក់ទាញបង្កើន ភាពប្រកួតប្រជែងឱ្យសេដ្ឋកិច្ចកម្ពុជា បន្ថែមពីនោះតាមរយៈវិស័យថាមពល ក្រសួងក៏បានចូលរួមលើក កម្ពស់សមភាពយេនឌ័រផងដែរ"។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "វិស័យថ្មអារ ប្រែពីជិតដួលរលំ ក្លាយជារីកចំរើន បន្ទាប់ពីសម្តេចបានដោហស្រាយបញ្ហា"។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា វិស័យថ្មអារនេះជាវិស័យមួយដែលស្ទើរតែដួលទៅហើយ តែនៅពេលសម្តេចកាន់ដំណែងបានប្រមាណ១ខែ ពេលសម្តេចអញ្ជើញទៅកាន់ទីក្រុងណាននីង ក្នុងពិធីពីព័ណ បានឃើញស្តង់កម្ពុជាមួយបានតាំងវិស័យថ្មអារនេះ ពេលនោះមានប្អូនស្រីម្នាក់ខ្សឹបប្រាប់ថា វិស័យនេះជិតដួលហើយសម្តេច ព្រោះពន្ធអាករផ្សេងៗ ។ បន្ទាប់ពីបានដំណឹងនេះសម្តេចបានឲ្យមន្រ្តីស្ថាប័នពាក់ព័ន្ធដោះបញ្ហានេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កោតសរសើរ ការងារក្រសួងរ៉ែ និងថាមពលរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ គឺបានជួយឱ្យវិស័យថ្មអាររបស់កម្ពុជាមានការងើបឡើងវិញរហូតមានសម្ទុះកើងឡើងដល់ជាង៤%។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "នៅពេលដែលសម្ដេចចូលនិវត្ត សម្ដេចអាចនឹងសរសេរសៀវភៅ ពាក់ព័ន្ធនឹងការចូលរួមដោះស្រាយលើបញ្ហាវិស័យថ្មអារនៅកម្ពុជាក្នុងពេលសម្ដេចកាន់តំណែងជានាយករដ្ឋមន្រ្ដី ដើម្បីជាគំរូសំរាប់ដោះលើវិស័យយនានាផ្សេងៗ៕
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤៖៤៩នាទី ល្ងាច ក្នុងបរិយាកាសរីករាយ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].