កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

22 Nov, 2024 14:18 PM | 4 weeks ago

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
..................................................................................
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយ សហគ្រិនខ្មែរ និងដៃគូសហការនានា សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើធុរកិច្ច» ក្នុងគោលបំណងឱ្យសមាជិក សមាជិកា និងបងប្អូនអាជីវករ បានជួបជុំសិក្សាស្វែងយល់ពីការធ្វើធុរកិច្ចនៅក្នុងយុគសម័យកាលឌីជីថល និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។
កម្មវិធីខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ក៏បានចូលរួមជាវាគ្មិនកិត្ដិយស ជាមួយលោក សុខ សុភមង្គល ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Codingate Technology ក្នុងការចែករំលែកបទពិសោធន៍ និងគំនិតអាជីវកម្មទៅដល់ សមាជិក សមាជិកា និងបងប្អូនអាជីវករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ ចំនួនប្រមាណជាង ៥០ នាក់ ដើម្បីទទួលបាន គំនិតល្អៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាក្នុងវិស័យពាណិជ្ជកម្ម និងអនុសាសន៍ណែនាំមួយចំនួនជាជំនួយស្មារតីបន្ថែមសម្រាប់យកទៅបង្កើតអាជីវកម្មថ្មី ឬកែលម្អអាជីវកម្មរបស់ខ្លួនឱ្យប្រសើរឡើង។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានមានមតិបូកសរុបកម្មវិធី និងវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មអាចមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល រួមទាំងការកំណត់បញ្ហា និងដំណោះស្រាយល្អៗពីវាគ្មិនកិត្តិយសដើម្បីយកទៅដឹកនាំអាជីវកម្មរបស់ខ្លួនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងទាន់សម័យកាល។ កម្មវិធីក៏បានបញ្ចប់នៅព្រឹកថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។
សូមបញ្ជាក់ថា "កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន" ទទួលបានការគាំទ្រពី សហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគាវីង (ខេមបូឌា) ម.ក, សមាគមន៍វិនិយោគនវានុវត្តន៌និងអភិវឌ្ឍ(IDI) ផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និងក្រុមហ៊ុន Codingate Technology Co., Ltd ។
រូបភាព និងអត្ថបទ: នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
Post details 1