ពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក
13 Nov, 2024 10:27 AM | 1 month ago
ពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក
--------------------
(រាជធានីភ្នំពេញ) នារសៀលថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយស «ពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង វត្តមាន ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំពីស្ថាប័ន និងការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ក្នុងនោះសមាជិក សមាជិកា របស់សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក មកពី៤ប្រទេស។ដោយក្នុងនោះ មកពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី កូរ៉េខាងត្បូង និងប្រទេសចិនក្នុងតំបន់ជាច្រើនទៀត។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់វិនិយោគិនបរទេសថា កម្ពុជា មានស្ថេរភាពល្អ មានសុវត្ថិភាពសំរាប់ ការរស់នៅ ការវិនិយោគ ទេសចរណ៍ និងគ្រប់បែបយ៉ាង ។ សម្តេចធិបតីបានបន្តថា "កម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រសំរាប់វិនិយោគ ជាពិសេសកម្ពុជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP )កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម"។ សម្តេចធិបតីក៏បានថ្លែងប្រាប់ដល់វិនិយោគិនបរទេសថា "កម្ពុជាមានធនធានមនុស្ស យុវជនវ័យក្មេងប្រកបដោយសក្តានុពលខ្ពស់ ចេះនិយាយភាសាបរទេសជាដើម"។
ក្រៅពីនេះសម្តេចធិបតី ក៏បានថ្លែងពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ទាំងនៅភ្នំពេញ ក៏ដូចជាខេត្តសៀមរាប។
ជាចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈព្រឹតិ្តការណ៍នេះនឹងមានការប្រាស្រ័យទាក់ទងគ្នា ដែលបង្កើតបាននូវការរួមបញ្ចូលគ្នា និងការតភ្ជាប់គ្នារវាងធុរកិច្ច និងធុរកិច្ច ព្រមនិងបានស្វាគមន៍ចំពោះការវិលត្រលប់មកកម្ពុជាជាថ្មីទៀត នាពេលខាងមុខ៕