សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកទេសវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
08 Nov, 2024 10:46 AM | 1 month ago
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកទេសវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
Consultative Workshop on Financial Technology Strategic Development Plan in Non-Bank Financial Sector.
————-
ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffle Le Royal, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន តំណាងផ្នែកឯកជន ដឹកនាំសមាជិកសមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរួម និងថ្លែងមតិស្វាគមន៍ ក្នុង សិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកទេសវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធីបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខា ធិការដ្ឋាន អ.ស.ហ. និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ព្រមទាំងតំណាង មកពី ADB, និយ័តករក្រោមឱវ៉ាត នៃអ.ស.ហ និងតំណាងក្រុមហ៊ុន សមាគមន៍ ឯកជន ពាក់ព័ន្ធនិងវិស័យនេះជាច្រើន។
ក្នុងគោលបំណង សិក្ខាសាលានេះ គឺដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះកាន់តែមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ និងអាច អនុវត្តបានដោយគ្រប់តួអង្គពាក់ព័ន្ធ ហើយសូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ, ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល, បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានស្នូលនៃយុទ្ធសាស្ត្រ “ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច” ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានបញ្ចូល “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ” ជាមុំទី៥នៃ បញ្ចកោណទី៥ “ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល” ដែលមានគោលដៅជាយុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨។ ឆ្លើយតប ទៅនឹងគោល នយោបាយនេះ, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៤-២០២៨។ ដើម្បីសម្រេចចក្ខុវិស័យ, បេសកកម្ម និងគោលបំណងខាងលើ, ផែនការយុទ្ធសាស្ត្រនេះ កំណត់យកគោលដៅចំនួន៤គឺ“(១)-អភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, (២)-អភិវឌ្ឍផ្ទាលឌីជីថលគ្រឹះ, (៣)-ជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង (៤)-ជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ”។ និងជាពិសេស គឺបង្កភាពងាយស្រួលដល់វិស័យឯកជន និងស្ថាប័នរដ្ឋ ចំពោះការរៀបចំ និងអនុត្តជំរុញលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព គុណវុឌ្ឍ និង ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទាំងក្នុងវិស័យ សាធារណៈ ទាំងក្នុងវិស័យឯកជន ឱ្យបានគ្រប់គ្រាន់ មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍ “មូលធនមនុស្សជាតិ” ជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័ន នៃឧត្តមភាព ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន។ ហើយត្រូវទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីបរិវិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ក្នុងស្មារតីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកាត់បន្ថយហានិភ័យដែលអាចកើតមានជាយថាហេតុ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:៤០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]