ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍ក្នុងការចូលរួម 1st Cambodia Digital Trade Forum និង Online Expo
25 Oct, 2024 11:56 AM | 3 weeks ago
ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍ក្នុងការចូលរួម 1st Cambodia Digital Trade Forum និង Online Expo
(ក្រសួងពាណិជ្ជកម្ម) នារសៀលថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា អញ្ជើញចូលរួមជាកិត្យិយស ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍ក្នុងការចូលរួម Digital Trade Forum និង Online Expo អមដោយ សមាជិក សមាជិកា ប្រមាណជា ២០ ក្រុមហ៊ុន ក្រោមអធិបតីភាព លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវត្តមាន ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក-លោកស្រី អ្នកនាង កញ្ញា ជាច្រើនអ្នកផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈ ខេមបូឌាត្រេដ (CambodiaTrade.com) ដែលគ្រោងរៀបចំពិព័រណ៍ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខនេះ នៅ Peng Hout Euro Park ភ្នំពេញ ។ ទន្ទឹមនឹងនេះក្រសួង ក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍ក្នុងការចូលរួម Digital Trade Forum និង Online Expo ដើម្បីធ្វើបច្ចប្បន្នភាពកែសម្រួល CambodiaTrade.com និងជំរុញការដាក់លក់ផលិតផលខ្មែរទៅកាន់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ។
កិច្ចប្រជុំនេះបានបញ្ចប់នៅក្នុងថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។