សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការអភិវឌ្ឍន៍ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal)"
25 Oct, 2024 13:47 PM | 3 weeks ago
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការអភិវឌ្ឍន៍ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal)"
Consultation Workshop on Cambodia FTA Portal.
———
នៅព្រឹកថ្ងៃពុធ ០៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅសណ្ឋារគារហៃយ៉ាត់រីជិនស៊ី, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន ចូលរួមក្នុង សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការអភិវឌ្ឍន៍ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal)" ក្រោមអធិបតីភាព ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងពាណីជ្ជកម្ម, ក្រុមការងារនៃអង្គការភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ (CAPRED), តំណាងសមាគមពាណិជ្ជកម្ម, តំណាងក្រុមហ៊ុននាំចេញ នាំចូលផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សិក្ខាសាលាពិគ្រោះយោបល់នេះជាការសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងអង្គការភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ (CAPRED)។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងដើម្បីបម្រូលធាតុចូល និងសំដៅធានាឱ្យបាននូវការដាក់ជូនព័ត៌មានដែលសមស្របនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយជាប្រយោជន៍ក្នុងការទាញយកផលជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]