ជំនួបសម្តែងការគួរសមដោយថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
14 Oct, 2024 09:45 AM | 1 month ago
ជំនួបសម្តែងការគួរសមដោយថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
រដ្ឋធានីវៀងចន្ទន៍៖ នាល្ងាចថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដោយ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាត(IMF)។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានគ្រប់គ្រងនៃ IMF បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការពង្រឹងភាពជាដៃគូដ៏ល្អ រវាងកម្ពុជា និង IMF សម្រាប់ពេលអនាគត។ ឯកឧត្តមបានក៏គូសបញ្ជាក់ថា កម្ពុជាបានធានានូវភាពជាដៃគូដ៏ល្អជាមួយនឹង IMF, ជាពិសេសក្នុងមុខងារនៃការឃ្លាំមើល (Surveillance function), ការកំណត់នូវអនុសាសន៍គោលនយោបាយ, និងការចូលរួមក្នុងការជំរុញឱ្យស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និង ភាពរឹងមាំ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ IMF ក៏ដូចជាក្រុមការងាររបស់ IMF ដែលបានរួមចំណែក ក្នុង៖ (១) ការផ្ដល់ជំនួយបច្ចេកទេស, ការបណ្ដុះបណ្ដាលនិងការកសាងសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច, សារពើពន្ធ, ហិរញ្ញវត្ថុ, និងវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងរូបិយវត្ថុ, (២) ប្រែក្លាយប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ, និង (៣) ធានាបាននូវស្ថិរភាពផ្នែកធនាគារ និងហិរញ្ញវត្ថុ ដែលជាសសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា, និង (៤) ពង្រឹងការរៀបចំទិន្នន័យ និងបង្កើតប្រព័ន្ធទិន្នន័យនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលមានសារៈសំខាន់នៅក្នុងការកំណត់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ប្រកបដោយភាពច្បាស់លាស់ និងឈានទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ជូនឯកឧត្តមអនុប្រធានផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពគន្លឹះមួយចំនួននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល IMF អាចចូលរួមគាំទ្រ និង ជួយជំរុញ ធ្វើយ៉ាងណាអាចឱ្យកម្ពុជាអាចអនុវត្តយុទ្ធសាស្រ្តខាងលើ ប្រកបដោយជោគជ័យ ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ កម្ពុជាបាន និងកំពុងតែយកចិត្តទុកដាក់ក្នុងការកំណត់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ តាមរយៈការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៏ដូចជាតាមរយៈការពង្រឹងនូវឯករាជភាពផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។
សម្ដេចបវរធិបតី និងឯកឧត្តមអនុប្រធាន IMF បានបង្ហាញជំហររួមគ្នាក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ក៏ដូចជាការកំណត់នូវក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។