ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន)
20 Jan, 2024 12:00 PM | 10 months ago
Opening Ceremony AGM 2023 and forward action plans 2024, of Ministry of Industry, Science, Technology & Innovation (MISTI).
———-
នៅថ្ងៃអង្គារ ១១កើត ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) ក្រោមអធីបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន)។ ពិធីនេះក៏មានការចចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧, តំណាងសមាគម, ផ្នែកឯកជន, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាលើប្រធានបទធំៗចំនួនបួនដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា៖ ១.ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, ២. របៀបវារៈអាទិភាពនៃវិស័យទឹកស្អាត, ៣. កំណែទម្រង់សេវាសាធារណៈ និងទី៤. ការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។
តាមរយៈសន្និបាតដែលនឹងប្រមូលផ្ដុំភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានបំណង និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
សន្និបាតប្រចាំឆ្នាំនេះមិនត្រឹមតែផ្តល់ជាវេទិកា ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលនៃឆ្នាំកន្លងទៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយក្នុងការរៀបចំមាគ៌ានៃអាទិភាពការងារអនាគតរបស់ក្រសួងផងដែរ។ កិច្ចពិភាក្សាជាយុទ្ធសាស្រ្តអំឡុងពេលនៃសន្និបាតនេះនឹងកំណត់ទិសដៅសម្រាប់គំនិតផ្ដួចផ្ដើមនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងឆ្នាំ២០២៤និងឆ្នាំជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ផងដែរថា ពិធីបិទសន្និបាតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].