កម្មវិធីអាហារពេលព្រឹក ស្វែងរកដៃគូ
10 Oct, 2024 16:38 PM | 1 month ago
កម្មវិធីអាហារពេលព្រឹកស្វែងរកដៃគូ
រដ្ឋធានីវៀងចន្ទន៍៖ នាព្រឹកព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា កម្មវិធីអាហារពេលព្រឹកស្វែងរកដៃគូនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនៃពិធីនេះ អ្នកឧកញ៉ាប្រធាន បានជម្រាបជូនប្រមុខរដ្ឋាភិបាល អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការលើកកម្ពស់តំណភ្ជាប់តំបន់មេគង្គ។ អ្នកឧកញ៉ា បានគូសបញ្ជាក់អំពីសក្តានុពលនៃការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និង សមាហរណកម្មតំបន់ ដែលក្នុងនោះធុរកិច្ចកម្ពុជា បានទទួលផលប្រយោជន៍រួចមកហើយពី ការលើកកម្ពស់តំណភ្ជាប់នេះ ជាពិសេស សេដ្ឋកិច្ចឌីជីថល។
អ្នកឧកញ៉ាប្រធានក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន និង ជំរុញឲ្យពង្រីកផលប្រយោជន៍នៃតំណភ្ជាប់នេះទៅដល់សហគ្រាសធុនតូននិងមធ្យមផងដែរ ដោយបានស្នើថ្នាក់ដឹកនាំ ផ្តល់អាទិភាពមិនត្រឹមតែលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ គឺថែមទាំងមនុស្ស សហគមន៍ និង ការប្រតិបត្តិធុរកិច្ចប្រកបដោយចីរភាពផងដែរ។