កិច្ចប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន
25 Sep, 2024 11:39 AM | 1 month ago
កិច្ចប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន
ទីក្រុងណាននីង ប្រទេសចិន ៖ នារសៀលថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិន-អាស៊ាន ដែលប្រព្រឹត្តទៅក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ានលើកទី២១ និង កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិនអាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លី ឆាំងកាន់ អភិបាលរងតំបន់ស្វយ័តជាំងក្វាងស៊ី លោក ចាង សាវគាំង អនុប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន រួមនិង មន្ត្រីជាន់ខ្ពស់ពី រដ្ឋាភិបាលចិន តំណាងស្ថានទូត និងអគ្គកុងស៊ុល អាស៊ានប្រចាំទីក្រុងណានីង តំណាងមកពីសភាពាណិជ្ជកម្មអាស៊ានទាំង១០ប្រទេស និងធុរជនចិន។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់អំពីភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងចិននិងអាស៊ាន ព្រមទាំងបានរំលេចអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងចិននិងកម្ពុជា ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានលើកឡើងអំពីសារៈសំខាន់នៃពិព័រណ៍ពាណិជ្ជកម្មចិនអាស៊ាន ក៏ដូចជា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិនអាស៊ាន ដែលជាថ្នាលសម្រាប់ជំរុញសមាហរណកម្មសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច។
អ្នកឧកញ៉ា បានចូលរួមអបអរសាទរ ចំពោះការប្រកាសជាផ្លូវការនូវគំនិតផ្តួចផ្តើមសំខាន់ៗ ក្នុងការពង្រីកទំនាក់ទំនងចិនអាស៊ានឲ្យកាន់តែល្អប្រសើរថែមទៀត រួមមាន៖
១) គំនិតផ្តួចផ្តើមណានីង ដើម្បីរួមគ្នាជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់និងឧស្សាហកម្មចិនអាស៊ានប្រកបដោយស្ថិរភាព និង រលូនទៅមុខ
២) ការបង្កើនកម្រិតផែនការអភិវឌ្ឍន៍ឆ្នាំ ២០២៥-២០៣៥ សម្រាប់កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិនអាស៊ាន
៣) របាយការណ៍អនុសាសន៍គោលនយោបាយរបស់ក្រុមប្រឹក្សាធុរកិច្ចចិនអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជិកម្មចិនអាស៊ាន។
បន្ថែមពីលើនេះ អ្នកឧកញ៉ា បានលើកជាសំណើកិច្ចសហប្រតិបត្តិការមួយចំនួនសម្រាប់ចិនអាស៊ានរួមមាន៖
- ការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)
- ការរៀបចំជំនួបពាណិជ្ជកម្មនិង ព្រឹត្តិការណ៍ធុរកិច្ច
- ការជំរុញបរិវត្តកម្មឌីជីថល
- ការលើកកម្ពស់សមាហរណកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង
- ការស្វែងរកកាលានុវត្តភាពក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង ផ្លូវ។
កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការជជែកពិភាក្សា និងប្រមូលធាតុចូលពីគ្រប់សភាពាណិជ្ជកម្មប្រទេសអាស៊ាន តំណាងវិស័យឯកជន និងរដ្ឋាភិបាលចិន និងភាគីពាក់ព័ន្ធ។