កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ទី១៤/ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
21 Feb, 2024 01:58 AM | 9 months ago
Discussion meeting PSWG”14th/N” “Non-Banking Financial Service Sector” of Government-Private Sector Forum (G-PSF).
———-
នៅថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅនិយ័តករគណនេយ្យ និងសវនកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំភាពជាដៃគូនៃក្រុមការងារ “ទី១៤/ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពតំណាងសហប្រធានទាំងពីរ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ទី១៤/ឍ” តំណាងវិស័យដ្ឋាភិបាល នឹង ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ទី១៤/ឍ” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ទី១៤/ឍ” តំណាងវិស័យឯកជន ព្រមទាំងវត្តមាន អនុប្រធាន និងសមាជិកសមាជិកនៃក្រុមការងារនេះផង ជាពិសេស វត្តមាន ឯកឧត្តម អគ្គនាយករង, មន្ត្រីជាន់ខ្ពស់ និងជំនាញ នៃអគ្គនាយកដ្ឋានគណនេយ្យ និងសវនកម្ម និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសពន្ធដារ ផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិភាក្សាពិគ្រោះ នូវបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលបានបញ្ជូនបញ្ហា ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងសវនកម្ម និងលើកឡើងនូវបញ្ហាប្រឈមថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះផងដែរ ដើម្បីស្នើសុំរកដំណោះស្រាយពី អគ្គនាយកដ្ឋានគណនេយ្យនិងសវនកម្ម នាពេលខាងមុខផងដែរ។ ដែលបានពិនិត្យនិងពិភាក្សារួមមាន ១. គណនេយ្យ និងសវនកម្ម (គណនេយ្យនិងសវនកម្មកម្ពុជាជាភាសាខ្មែរ), ២. ការរៀបចំរបាយការណ៍សវនកម្មជាភាសាខ្មែរ, ៣. ការកំណត់ភាគហ៊ុនចំនួន ៥១% ចំពោះម្ចាស់ភាគហ៊ុនដែលជាអ្នកកាន់អាជ្ញាបណ្ណ័សេវាគណនេយ្យ និងសេវាគណនេយ្យសវនកម្ម, ៤. បញ្ហាទាក់ទងនឹងទំនាស់ផលប្រយោជន៍ (ស្នើសុំពិចារណាក្នុងការដកចំណុចនេះចេញពីលក្ខខណ្ឌក្នុងការស្នើសុំអាជ្ញាបណ្ណ័សេវាគណនេយ្យ និងសេវាគណនេយ្យសវនកម្ម) និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលនឹងចេញសេចក្តីជូនដំណឹង និងប្រកាស សេចក្តីណែនាំ ផ្សេងៗសម្រាប់ការអនុវត្តតាមអនុលោមភាពបទបញ្ញតិដែលមានចេញដោយ និយ័តករគណេន្យនិងសវនកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំពិភាក្សាជាដៃគូនៃយន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯន នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ, យោគយល់គ្នា និងការទទួលខុសត្រូវខ្ពស់។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].