សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ចូលជួបសម្ដែងការគួរសម
13 Sep, 2024 16:58 PM | 2 months ago
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ចូលជួបសម្ដែងការគួរសម
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមអម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួសម ដោយ លោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group នៅសាធារណរដ្ឋកូរ៉េ។
នៅក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន KB Financial Group បានសម្តែងនូវរីករាយដែលបានជួបសម្ដេចតេជោនាឱកាសនេះ។ លោកប្រធានក្រុមហ៊ុន KB បានបញ្ជាក់ទៀតថា ក្រោយពេលដែលសម្ដេចតេជោបានភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ ឡើងវិញនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន KB បានសិក្សាពីប្រទេសកម្ពុជា ហើយជាបន្តបន្ទាប់ បានពង្រឹងវត្តមានរបស់ខ្លួននៅកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន។ ក្រុមហ៊ុន KB Financial តែងតែដើរលើមាគ៌ាដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេស សម្តេចតេជោ បានត្រួសត្រាយ ក្នុងនោះ ក្រុមហ៊ុនបានធ្វើការជាមួយប្រជាជនកម្ពុជាហើយមានការសហការគ្នាល្អ ដែលធ្វើឱ្យក្រុមហ៊ុនមានការវិវត្តទៅមុខ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ ដែលបានឃើញនូវការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដូចជា ប្រាសាក់ និងវិស័យធនាគារផងដែរ ក្នុងនោះស្ថាប័នមីក្រូហិរញ្ញវត្ថុបានផ្ដល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមួយចំនួនបានប្រើប្រាស់ក្នុងការធ្វើអាជីវកម្មដើម្បីបង្កើនជីវភាពរស់នៅ។ ក៏ប៉ុន្តែ នៅក្នុងពេលវិបត្តិកូវីដ១៩ បញ្ហាមីក្រូហិរញ្ញវត្ថុ បានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋផងដែរ។ នៅពេលនោះ សម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រី ក៏បានស្នើសុំការយោគយល់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយមិនចង់ឱ្យមានការរឹបអូសណាមួយពីប្រជាពលរដ្ឋដែលមិនមានលទ្ធភាពសងប្រាក់កម្ចី។
សម្ដេចតេជោ បានស្នើដល់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញ ដែលអាចជាការផ្តល់កម្ចីបន្ថែម ឬពន្យារពេលសម្រាប់ការបង់ការប្រាក់ និងកម្ចី។ សម្ដេចតេជោ ពិតជាអរគុណដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារទាំងនោះ ដែលបានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ទៅដល់លោកប្រធានក្រុមហ៊ុន KB Financial ថា នៅថ្ងៃខាងមុខ ពេលមានអតិថិជនស្នើសុំកម្ចី សូមពិនិត្យមើលថាតើគេខ្ចីប្រាក់យកទៅធ្វើអ្វី។ សម្ដេចបានណែនាំឱ្យមានការសិក្សាស្រាវជ្រាវទៅលើការខ្ចីប្រាក់ទាំងនោះ ហើយឃើញថា ភាគច្រើននៃកម្ចី គឺសម្រាប់ធ្វើអាជីវកម្ម ដែលត្រូវនឹងគោលដៅ ក៏ប៉ុន្តែក៏មានកម្ចីមួយចំនួនតូចដែលមិនចំគោលដៅ ដោយសារជាកម្ចីមិនបានបម្រើដល់ផលិតកម្មទេ។
សម្ដេចតេជោ បានរំលឹកថា ក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលពេលនោះ បានធ្វើកំណែទម្រង់ប្រព័ន្ធធនាគារ ហើយកំណែទម្រង់ទាំងនោះ ធ្វើបានល្អ និងដោយរលូន ពីព្រោះ រហូតមកដល់ពេលនេះ គ្មានធនាគារណាមួយដួលរលំទេ។
សម្ដេចតេជោ ក៏បានអរគុណដល់ប្រព័ន្ធធនាគារក្នុងស្រុក ជាពិសេស ធនាគារវីង ឥឡូវនេះបានក្លាយទៅជាធនាគារពាណិជ្ជកម្ម ដែលបានប្រើប្រាស់នូវប្រព័ន្ធផ្ទេរប្រាក់ មានភាពងាយស្រួលទៅដល់តំបន់ជនបទ ដោយប្រើលេខទូរស័ព្ទ។ សម្ដេចដឹងពីប្រព័ន្ធនេះ ដោយសារតែសម្ដេចនៅបន្តជួយដល់ប្រជាជនក្រីក្រ ជាពិសេសក្រុមគ្រួសារមានការលំបាក ដែលមានមនុស្សចាស់ និងពិការ។
លោកប្រធាន ក្រុមហ៊ុន KB បានបញ្ជាក់ថា ក្រុមហ៊ុនក៏បានជួយផ្ដល់អាហារូបករណ៍ ដល់និស្សិត និងជួយដល់កុមារ ដែលមានជំងឺបេះដូង ដោយបញ្ជូនមកវះកាត់នៅប្រទេសកូរ៉េ។ ក្រុមហ៊ុនក៏បានសហការជាមួយរាជរដ្ឋាភិបាល ដោយផ្ដល់ជាកញ្ចប់ប្រាក់ដំបូងដល់ពលករកម្ពុជាដែលមកធ្វើការនៅកូរ៉េ នៅពេលចាប់ផ្តើមការងារ។ លោកប្រធាន ក្រុមហ៊ុន KB Financial ក៏បានជម្រាបសម្តេចតេជោផងដែរថា ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ក្នុងការកសាងបណ្ណាល័យ បានចំនួន៤៦ និងកសាងសាលារៀន មួយខ្នងរួចហើយដែរ ហើយក្រុមហ៊ុននឹងសាងសង់សាលារៀនបន្ថែមទៀតនាពេលខាងមុខនៅទូទាំងប្រទេសកម្ពុជា ជាពិសេស នៅតំបន់តាមព្រំដែន។
សម្ដេចតេជោបានអរគុណចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន និង បានបញ្ជាក់ថា អាទិភាពរបស់កម្ពុជាគឺការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយសម្តេច តែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតដែលជួបការលំបាក។ សម្តេចតេជោ ស្នើឱ្យក្រុមហ៊ុនបន្តផ្តោតយកចិត្តទុកដាក់ទៅលើការរៀបចំបណ្ណាល័យបន្ថែមទៀត ពិសេស យកចិត្តទុកដាក់លើការជំរុញការអានសៀវភៅឱ្យបានច្រើន។
នៅចុងបញ្ជប់ លោកប្រធានក្រុមហ៊ុន KB Financial ក៏បានផ្ដល់ជំនួយជាថវិកាជូនសម្ដេចតេជោប្រធានព្រឹទ្ធសភា ដើម្បីផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា៕