កម្មវិធីបើកវេទិកាចំណេះដឹងពិភពលោកលើកទី២៥
11 Sep, 2024 10:18 AM | 2 months ago
កម្មវិធីបើកវេទិកាចំណេះដឹងពិភពលោកលើកទី២៥
ទីក្រុងអ៊ីនឈាន់ សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមកម្មវិធីបើកវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence) ដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ។
វេទិកាចំណេះដឹងពិភពលោកគឺជាថ្នាលសម្រាប់ពិភាក្សាដ៏រួសរវើកមួយ ដែលមានគោលបំណងបន្ថយគម្លាតនៃចំណេះដឹងតាមរយៈ ការចែករំលែកចំណេះដឹង និងជំរុញកំណើនសេដ្ឋកិច្ចនិងវិបុលភាពសាកលប្រកបដោយតុល្យភាព។ ចាប់តាំងពីបង្កើតនៅឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ វេទិកាចំណេះដឹងសាកល មានវាគ្មិនសាកលចូលរួមប្រមាណ ៥៨៣២ នាក់ និងមានអ្នកចូលរួមវេទិកាចំនួន ប្រមាណ ៦២៨២១ នាក់។ វេទិកានេះ បានក្លាយទៅជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹងដ៏ធំជាងគេមួយនៅក្នុងពិភពលោក។