គណៈប្រតិភូចិនសៀងហៃជំរុញកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា
03 Sep, 2024 15:33 PM | 2 months ago
គណៈប្រតិភូចិនសៀងហៃជំរុញកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជូ មីញហាវ (Zhou Minhao) ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា។
អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិនសៀងហៃដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានគូសបញ្ជាក់ថា សៀងហៃ គឺជាទីក្រុងសេដ្ឋកិច្ចដ៏ចម្បងមួយរបស់ចិន លើវិស័យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង កម្មន្តសាល។ អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសចិននិងកម្ពុជា ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០។ ទន្ទឹមនឹងនេះដែរ រាដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពជំរុញ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ អ្នកឧកញ៉ា បានជំរុញលើកទឹកចិត្តវិនិយោគិនចិនឲ្យវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលពោរពេញទៅដោយកាលានុវត្តភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់។ វិនិយោគិនបរទេស អាចបណ្តាក់ទុនវិនិយោគ ១០០% និងទទួលបានការលើកទឹកចិត្តកម្រិតខ្ពស់ ព្រមទាំងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក។ ចិននិងកម្ពុជា មានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងសេរីចិនអាស៊ាន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ។
លោក ជូ មីញហាវ (Zhou Minhao) ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លឹម ហេង ដែលបានទទួលជួបពិភាក្សាកាងារជាមួយលោក ក៏ដូចជាគណៈប្រតិភូសៀងហៃ។ លោកប្រធាន មានប្រសាសន៍លើកឡើង អំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជាចិន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់និងទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងជាលំដាប់។ ក្នុងន័យនេះ លោកប្រធាន បង្ហាញនូវចំណាប់អារម្មណ៍ចំពោះផលិតផលកសិកម្មកម្ពុជា និងលើកទឹកចិត្តការនាំចេញទៅកាន់ទីផ្សារសៀងហៃ តាមរយៈយន្តការដែលមានស្រាប់ និងតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce)។ លោកប្រធាន អញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចេញនាំចូលចិនលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃប្រទេសចិន នាខែវិច្ឆិកាខាងមុខ។ លោកប្រធាន បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនសៀងហៃមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលនេះជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់កិច្ចសហប្រតិបត្តិការសៀងហៃនិងកម្ពុជា។
កិច្ចពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាសកាសស្និទ្ធស្នាលជាភាតរៈ ដោយភាគីទាំងពីរបានជជែកពិភាក្សាអំពីគម្រោងសហប្រតិបត្តិការអនាគត និង បានស្វែងយល់ពីកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក។