កិច្ចប្រជុំក្រុមការងារ "ទី៣/គ" "ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ)
02 Sep, 2024 10:52 AM | 3 months ago
កិច្ចប្រជុំក្រុមការងារ "ទី៣/គ" "ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ)
Dialogue WG "3/C" Meeting "Manufacturing SMEs and Services" of Government-Private Sector Forum (G-PSF)
———
នៅព្រឹកថ្ងៃពុធ ០៩រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋារគារហ្គាឌិនស៊ីធី កិច្ចប្រជុំក្រុមការងារ "គ" "ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ និងជាសហប្រធានក្រុមការងារ "គ" តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "គ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលមានចែងក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាល, តំណាងសមាគម, សហគ្រាស, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារ និងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម និងកង្វល់ដែលលើកឡើងដោយផ្នែកឯកជននៅក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ជួបប្រទះ និងត្រូវការដំណោះស្រាយ រួមមាន៖ ១. ផលពិបាកក្នុងការទទួលបានហរិញ្ញប្បទានពីធនាគារ SMEs Bank, ២. ការកើនឡើងដោយផ្ទាល់ពីបញ្ហាប្រភពថាមពលសម្រាប់សហគ្រាសផលិតកម្ម, ៣. បញ្ហាប្រឈមក្នុងផលិតកម្មអំបិល, ៤. កង្វះការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងស្ថាប័នសាធារណះ, ៥.សំណើសុំឱ្យកម្ពុជាចូលជាសមាជិក ISO Member Bodies , ៦. ការក្លែងបន្លំប្រភពដើមនៃផលិតផល ដើម្បីនាំចេញ (ទឹកឃ្មុំ), ៧.បញ្ហាការប្រគួតប្រជែងមិនស្មើភាព (វិស័យមាត្រាសាស្ត្រ ជញ្ជីងថ្លឹង អេឡិចត្រូនិច), ៨. វិស័យថាមពលអគ្គិសនី (សំណើសុំលើកទឹកចិត្ត ១៥% ចំពោះសហគ្រាសធុនតូច និងមធ្យមដែលផលិតក្នុងស្រុក ១០០% / បញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងក្របខណ្ឌទូទាំងប្រទេស...) ១១. វិស័យដឹកជញ្ជូន (ក្នុងវិស័យដំឡូងមី) និងបញ្ហាសរុបទាំងអស់ក្រោមការសម្របសម្រួលពីសភាពាណិជ្ជកម្ម ដែលបញ្ជូនក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សុរបចំនួន ១១បញ្ហា និងមានបញ្ហាមួយចំនួនផ្សេងៗទៀតបានលើកឡើងផងដែរ សរុបចំនួន២២បញ្ហា ត្រូវបានពិនិត្យពិភាក្សាស្វែងរកដំណោះស្រាយ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]