ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024
21 Aug, 2024 11:00 AM | 3 months ago
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម ពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 ដែលរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមាន ក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ២២០ ក្រុមហ៊ុន (ពាណិជ្ជករមកពីប្រទេសថៃចំនួន ១០៧ ក្រុមហ៊ុន និងពាណិជ្ជករកម្ពុជា ចំនួន ១១៣ ក្រុមហ៊ុន) និងស្តង់រុបចំនួន ២៥០ ស្តង់ដែលមានដាក់បង្ហាញផលិតផលជាច្រើនប្រភេទដូចជាអាហារ និង ភេសជ្ជៈ សំលៀកបំពាក់ គ្រឿងសំអាង ទំនិញសុខភាព និងសភារ់ៈជាច្រើនមុខ។ល។ ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា និង ពាណិជ្ជករថៃកម្ពុជា ជាច្រើនរូប។
គោលបំណងក្នុងការរៀបចំ ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 គឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ ថៃដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាយកាន់តែកើនឡើង និងពង្រឹងចំណងមិត្តភាពរវាងប្រទេស និងប្រជាជនអោយកាន់តែប្រសើរ។ ពិព័រណ៍នេះក៏មាន រៀបចំកម្មវិធីចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជកថៃនិងពាណិជ្ជករកម្ពុជា (B2B) ដោយមានការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។