ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
15 Aug, 2024 11:42 AM | 3 months ago
(កោះកុង)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំពាណិជ្ជករ អាជីវករ ពីបណ្តាខេត្តផ្សេងៗ ចំនួន ២៦រូប ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងគោលបំណងឈ្វេងយល់ពីសក្តានុពលខេត្ត និងគោលនយោបាយលើកទឹកចិត្តនានា ។
ឧកញ៉ា លឹម សុជាតិ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែផ្តាំផ្ញើមកកាន់ថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជាឱ្យខិតខំរិះរកធ្វើយ៉ាងណា យកចិត្តទុកដាក់លើកស្ទួយអាជីវកម្មក្នុងស្រុក ជាពិសេសក្នុងវិស័យ SME ឲ្យមានភាពរឹងមាំ អាចឲ្យគេទទួលស្គាល់ និងមានលទ្ធិភាពចូលទៅប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។ អនុវត្តន៍តាមការណែនាំខាងលើ ទើបអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កំពុងយកចិត្តទុកដាក់ និងបានដាក់គោលការណ៍សំខាន់ៗជាច្រើន ជំរុញរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មដ៏មានសារៈសំខាន់បែបនេះ ទៅតាមបណ្តាខេត្ត ដើម្បីបង្ហាញពីសក្តានុពល និងជាផែនទីបង្ហាញផ្លូវអាជីវកម្មនៅតាមបណ្តាខេត្តនានា។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពភាពភូមិសាស្រ្ត និងប្រជាសាស្ត្រ នៃខេត្តកោះកុង ជាពិសេសសក្តានុពល រួមមានផ្លូវជាតិលេខ៤៨ នឹងដែលបញ្ចប់ការសាងនាពេលខាងមុខនេះ ជាផ្លូវដែលមានសក្តានុពលក្នុងការធ្វើចរាចរណ៍ ដឹកទំនិញ និងសកម្មភាពពាណិជ្ជកម្មនានាកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយនឹងផ្លូវជាតិលេខ១០ ដែលតភ្ជាប់យ៉ាងសំខាន់ពីតាមខេត្តបណ្តោយកោះកុង ពោធិ៍សាត់ បាត់ដំបង ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយទៀត សក្តានុពលមួយទៀតជាខេត្ត ដែលមានឆ្នេរសមុទ្រវែងជាងគេ មានតំបន់ទេសចរណ៍បែបធម្មជាតិច្រើនកន្លែង និងកោះដែលមានសម្រស់ស្រស់ស្អាតអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកម្សាន្ត។
លោកអភិបាលរងខេត្ត បានបន្ថែមថា ខេត្តកោះកុងក៏មានច្រកទ្វាព្រំដែនអន្តរជាតិ មានតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងវិនិយោគជាច្រើនកំពុងដំណើការ និងដាក់ឱ្យដំណើរការបន្ថែមទៀត ជាពិសេសវារីអគ្គិសនី ដែលជាធុងអាគុយដ៏ធំ អាចផ្តល់ថាមពលអគ្គិសនីជាច្រើន។ ជាមួយទិន្នផលពីសមុទ្រ ក៏ជាធនធានដ៏សំខាន់ផងដែរ ក៏ប៉ុន្តែដោយសារមិនទាន់មានអ្នកវិនិយោគ មិនទាន់ចូលរួមបានច្រើននៅឡើយ ដើម្បីលើកស្ទួយនូវសក្តានុពល ដែលខេត្តមាន ក្នុងនាមថ្នាក់ដឹកនាំខេត្ត ស្នើឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាប្រតិភូ ពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងន័យចូលរួមអភិវឌ្ឍន៍ខេត្ត និងមុខរបររបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងក្លាយជាប្រទេសដែលមានការអភិវឌ្ឍ៕
រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង