កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

09 Aug, 2024 11:02 AM | 3 months ago

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
 
 
 
 
 
 
 
 
 
 
 
 
 
 
 
កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
..................................................................................
(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយ សហគ្រិនខ្មែរ និងដៃគូសហការនានា សភាពាណិជ្ជកម្មកម្ពុជា រួមជាមួយ សភាពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ទស្សនកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» ក្នុងគោលបំណងឱ្យសមាជិក សមាជិកា និងបងប្អូនអាជីវករ បានជួបជុំសិក្សាស្វែងយល់ពីឱកាសអាជីវកម្មក្នុងខេត្តបាត់ដំបង និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។
កម្មវិធីខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ភួ ពុយ អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។
ឯកឧត្តមបណ្ឌិត ភួ ពុយ និង ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ក៏បានចូលរួមជាវាគ្មិនកិត្ដិយស ក្នុងការចែករំលែកបទពិសោធន៍ និងគំនិតអាជីវកម្មទៅដល់ សមាជិក សមាជិកា និងបងប្អូនអាជីវករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ ចំនួនប្រមាណជាង ២០០ នាក់ ដើម្បីទទួលបាន គំនិតល្អៗ និងអនុសាសន៍ណែនាំមួយចំនួនជាជំនួយស្មារតីបន្ថែមសម្រាប់យកទៅបង្កើតអាជីវកម្មថ្មី ឬកែលម្អអាជីវកម្មរបស់ខ្លួនឱ្យប្រសើរឡើង។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានមានមតិបូកសរុបកម្មវិធី និងវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយ សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបង ជាពិសេសម្ចាស់អាជីវកម្មអាចមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងការកំណត់បញ្ហា និងដំណោះស្រាយល្អៗពីវាគ្មិនកិត្តិយសដើម្បីយកទៅដឹកនាំអាជីវកម្មរបស់ខ្លួនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីក៏បានបញ្ចប់នៅព្រឹកថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។
សូមបញ្ជាក់ថា "កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន" ទទួលបានការគាំទ្រពី សហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគាវីង (ខេមបូឌា) ម.ក, សមាគមន៍វិនិយោគនវានុវត្តន៌និងអភិវឌ្ឍ(IDI) ផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបងទាំងអស់។
រូបភាព និងអត្ថបទ: នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
Post details 1