ជំនួបពិភាក្សាជាមួយក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន

09 Aug, 2024 09:59 AM | 3 months ago

ជំនួបពិភាក្សាជាមួយក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន
 
 
 
 
ជំនួបពិភាក្សាជាមួយក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ បណ្ឌិត មូហាមេត ជីនណា (Mohamed Jinna) ប្រធានក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន (United Holding Inc) និងគណៈប្រតិភូធុរកិច្ចឥណ្ឌាដែលមានទីស្នាក់ការនៅសិង្ហបុរី។
បណ្ឌិត មូហាមេត ជីនណា បានគូសបញ្ជាក់ថា គណៈប្រតិភូធុរកិច្ចដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារកម្ពុជា ជាពិសេស វិស័យសុខាភិបាល ទេសចរណ៍ កសិកម្ម និង ម្ហូបអាហារ។ បណ្ឌិត មូហាមេត ស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ទាក់ទាញវិនិយោគិនពីតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតនៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសមូស្លីមចំនួន ៥៧ ប្រទេស រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមជាដើម។ ព្រឹត្តិការណ៍ជំរុញធុរកិច្ចនេះ គ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនៅចុងឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមនឹងនេះ បណ្ឌិត មូហាមេត បានលើកឡើងអំពីការជំរុញទេសចរណ៍តាមនាវាខ្នាតធំ ពីកម្ពុជា ទៅចិន វៀតណាម និងថៃ ដែលជាវិស័យសក្តានុពលមួយ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង។ ក្រៅពីនេះ បណ្ឌិត មូហាមេត កំពុងសម្របសម្រួលជាមួយក្រុមហ៊ុនផ្តល់ជំនួយបរិក្ខាពេទ្យមកកម្ពុជា រួមមានបរិក្ខាព្យាបាលជំងឺមហារីក និង សន្លាក់ឆ្អឹងជាដើម។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមឧកញ៉ា បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ច វិស័យសក្តានុពលកម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច និង គោលនយោបាយគាំទ្រវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧកញ៉ា គាំទ្រគំនិតផ្តួចផ្តើម និងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចដែលបានលើកឡើងដោយគណៈប្រតិភូធុរកិច្ចនាពេលនេះ ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងសិក្សានិងពិភាក្សាលម្អិតអំពីការរៀបចំព្រឹត្តិការណ៍រួមគ្នានេះ។
Post details 1