សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥"
07 Aug, 2024 10:38 AM | 3 months ago
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥"
Consultation Workshop on "The Identification of Priority Sector for Public-Private Partnerships Project 2025-2035".
———
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី នៅសណ្ឋារគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ, អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥" ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថាន សមាគម, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសិក្សារៀបចំកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគិតគូរជាយុទ្ធសាស្រ្តលើការវិនិយោគជាសាធារណៈ និងជំរុញការអភិវឌ្ឍន៍គម្រោង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគ្រោងសេវាសាធារណៈតាមយន្តការ PPP នៅកម្ពុជា និងដើម្បីធានាឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយនៃការរៀបចំនេះ និងទទួលធាតុចូលបន្ថែមលើទិសដៅគោលនយោបាយក្នុងការវិនិយោគរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
សិក្ខាសាលាពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]