ស្ថានទូតថៃជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មកម្ពុជា
07 Aug, 2024 09:53 AM | 3 months ago
ស្ថានទូតថៃជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មកម្ពុជា
នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតថៃ។ នៅក្នុងជំនួបពិភាក្សានេះ លោកទីប្រឹក្សាពាណិជ្ជកម្មបានថ្លែងអំណរអរគុណសម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ និងបានអញ្ជើញសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកដើម្បីចូលរួមជាមួយកម្មវិធី «ពិព័រណ៍ថៃ» នៅថ្ងៃទី ១៥-១៨ ខែសីហា ឆ្នាំ២០២៤។ក្នុងនេះផងដែរលោកទីប្រឹក្សាពាណិជ្ជកម្មក៏បានរៀបរាប់អំពីឱកាសដែលក្រុមហ៊ុនរបស់ខ្មែរនិងថៃអាចមានក្នុងការបង្កើតទំនាក់ទំនង និងបង្កើនភាពជាដៃគូជាមួយគ្នា នៅក្នុងការតាំងពិព័រណ៍ដ៏សម្បូរបែបមួយនេះ។
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានស្វាគមន៍យ៉ាងកក់ក្ដៅ និង គាំទ្រចំពោះកម្មវិធីតាំងពិព័រណ៍ ដែលពិតជារួមចំណែក ក្នុងការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជម្រុញដល់ភាពជាដៃគូកម្ពុជា-ថៃ។ ឯកឧត្តម ឧកញ៉ាបានឯកភាពនៅក្នុងការចូលរួមក្នុងកម្មវិធីមួយនេះ និងជួយផ្សព្វផ្សាយដើម្បីអោយសមាជិក និងក្រុមហ៊ុនចូលរួមកម្មវិធីនេះអោយបានកុះករ។