ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្តេជ្ញាជំរុញការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី។

12 Jul, 2024 16:24 PM | 4 months ago

ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្តេជ្ញាជំរុញការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី។
 
 
 
 
 
 
 
 
 
 
ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្តេជ្ញាជំរុញការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៨៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដោយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងឱកាសនៃជំនួបនេះ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និង គណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក តាំង សិទ្ធី ក៏បានគោរពរាយការណ៍ជូន សម្ដេចធិបតី អំពីដំណើរការនៃការរៀបចំការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន តាមរយៈការសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា និងអំពីដំណើរការនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ក៏ដូចជាផែនការសកម្មភាពនានាផងដែរ។
បន្ថែមលើនេះ លោក តាំង សិទ្ធី ក៏បានគោរពជម្រាបជូន សម្ដេចធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និង គណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀត អំពីសក្តានុពល និងកាលានុវត្តភាពនៃធុរកិច្ច និងការវិនិយោគរបស់កម្ពុជា, គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ, និងស្វែងរកនូវឱកាសក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាង វិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា និងវិស័យឯកជននៃប្រទេសអូស្ត្រាលី ជាពិសេសលើការវិនិយោគក្នុងវិស័យកែច្នៃចំណីអាហារ និងកសិកម្ម ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះលោក តាំង សិទ្ធី និងគណៈប្រតិភូព្រមទាំងបានអបអរសាទរចំពោះលោក តាំង សិទ្ធី ដែលត្រូវបានបោះឆ្នោតជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ ផងដែរថា ការរៀបចំឱ្យមានសភាពាណិជ្ជកម្មកម្ពុជាក្រុងម៉ែលប៊ន ក៏ដូចជាទីក្រុងស៊ីដនី គឺជាភាពរីកចម្រើនដ៏ល្អមួយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិនរវាងប្រទេសទាំងពីរផងដែរ។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់វិស័យឯកជន ដែលជាដៃគូ និងជាប្រតិបត្តិករដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងន័យនេះសម្ដេចធិបតី បានគូសរំលេចថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅលើកកម្ពស់នូវជីវភាពរបស់ប្រជាជនកម្ពុជា។
ក្រៅពីនេះសម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាក៏មានសក្តានុពលក្នុងការផ្សារភ្ជាប់ ទៅទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្តាប្រទេសជាច្រើនរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជា៖ ក្របខ័ណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលនេះក៏ជាឱកាសដែលមានសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។
សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិសុខសម្រាប់បណ្ដាវិនិយោគិនដែលកំពុងតែដំណើរការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលជំនាញ ដែលបម្រើដល់វិស័យឧស្សាហកម្ម ដូចជាយានយន្ត, អេឡិចត្រូនិក, ឌីជីថល និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមការរីកចម្រើនរបស់ពិភពលោក។
មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សិក្សាស្វែងយល់ពីឱកាសក្នុងការធ្វើធុរកិច្ច និងការវិនិយោគ លើវិស័យដែលមានសក្កានុពលសំខាន់ៗដូចជា៖ វិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ ឌីជីថល អប់រំ និងសុខាភិបាល ព្រមទាំងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយកាលានុវត្តភាពសម្រាប់ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូស្ត្រាលី។ ជាទីបញ្ចប់ សម្តេចធិបតី ជូនពរ លោក តាំង សិទ្ធី និងគណៈប្រតិភូឲ្យទទួលបានជោគជ័យក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព។
Post details 1