កិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធុរកិច្ចចិនអាស៊ាន
11 Jul, 2024 10:34 AM | 4 months ago
កិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធុរកិច្ចចិនអាស៊ាន
ទីក្រុងណានីង ប្រទេសចិន៖ នារសៀលថ្ងៃ ពុធ ទី៥ កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួម និង ថ្លែងសុន្ទរកថា នៅក្នុង កិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធុរកិច្ចចិនអាស៊ានដែលមានការអញ្ជើញចូលរួមពី លោក តាន់ ពិឈ័ង អភិបាលរងតំបន់ស្វយ័ត ជាំងក្វាងស៊ី លោក ចាង សាវគាំង អនុប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន រួមនិង មន្ត្រីជាន់ខ្ពស់ពី រដ្ឋាភិបាលចិន តំណាងស្ថានទូត និងអគ្គកុងស៊ុល អាស៊ានប្រចាំទីក្រុងណានីង តំណាងមកពីសភាពាណិជ្ជកម្មអាស៊ានទាំង១០ប្រទេស និងធុរជនចិន សរុបប្រមាណ ២៥០ នាក់។
អង្គប្រជុំបានពិភាក្សា និង អនុម័តលើ របៀបវារៈដូចតទៅ៖
១. ពិធីចុះអនុស្សរណៈយោគយល់ក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាធុរកិច្ចចិនអាស៊ាន
២. យន្តការជ្រើសរើសប្រធានប្តូរវេនប្រទេសអាស៊ាន
៣. ពិធីប្រគល់ទង់ឲ្យប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន និង ប្រធានចិន
៤. ពិធីប្រគល់លិខិតតែងតាំងសមាជិកគណៈកម្មការជំនាញ នៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន អាស៊ាន និង ក្រុមប្រឹក្សាធុរកិច្ចចិនអាស៊ាន
៥. ផែនការការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាធុរកិច្ចចិនអាស៊ាន។