កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

11 Jul, 2024 09:08 AM | 4 months ago

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
 
 
 
 
 
 
កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
..................................................................................
(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយ សហគ្រិនខ្មែរ និងដៃគូសហការនានា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «អចលនទ្រព្យ និងសំណង់» ក្នុងគោលបំណងឱ្យសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានជួបជុំសិក្សាស្វែងយល់ពីឱកាសអាជីវកម្មក្នុងខេត្តព្រះសីហនុ ក៏ដូចជាការប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។
កម្មវិធីខាងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដូចជា៖ ឧកញ៉ា បណ្ឌិត គីម ហ៊ាង សមាជិក សភាពាណិជ្ជកម្មកម្ពុជា, ស្ថាបនិក បុរី វិមានសំណាង និងជាប្រធានKW Cambodia ឧកញ៉ា ហ៊ួត ជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុន គ្រឿងសំណង់ ហ៊ួត ជា និង លោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជានាយកប្រតិបត្តិក្រុមហ៊ុន KW Sihanoukville ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។
កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន ៥៥ នាក់ ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលម្អអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពី សហគ្រិនខ្មែរ ឧបត្ថម្ភដោយ ធនាគាវីង (ខេមបូឌា)ម.ក, សមាគមន៍វិនិយោគនវានុវត្តន៌និងអភិវឌ្ឍ(IDI) និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រះសីហនុទាំងអស់។
ជាកិច្ចបញ្ចប់នៃកម្មវិធី ឧកញ៉ា បណ្ឌិត គីម ហ៊ាង សមាជិក សភាពាណិជ្ជកម្មកម្ពុជា បានមានមតិចូលរួមក្នុងការបិទកម្មវិធី និងបានវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយ សមាជិក សមាជិកា សភាពាណិជ្ជកម្មព្រះសីហនុ ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗពីវាគ្មិនកិត្តិយសដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីខាងលើបានបញ្ចប់នូវព្រឹកថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។
រូបភាព និងអត្ថបទ: នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
Post details 1