វេទិការធុរកិច្ចបារាំង-កម្ពុជា
08 Jul, 2024 15:06 PM | 4 months ago
វេទិការធុរកិច្ចបារាំង-កម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ អ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីបារាំង រួមនិងធុរជនរបស់ប្រទេសទាំងពីរ ក្នុងនោះរួមមានសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ ដែលមានបំណងចង់ស្វែងយល់ឱ្យស៊ីជម្រៅអំពីទីផ្សារកម្ពុជា សរុបជាង ៣០០ នាក់។
វេទិកាធុរកិច្ចនេះ ផ្តោតលើវិស័យសំខាន់ៗរួមមាន៖ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល សុខាភិបាល ថាមពល ការរៀបចំទីក្រុង ទេសចរណ៍ ភស្តុភារ និងដឹកជញ្ជូន កសិកម្ម និងកសិ-ម្ហូបអាហារ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន ដោយផ្តល់ឱកាសពិសេស ដល់ក្រុមហ៊ុន ក៏ដូចជាអ្នកដែលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៅកម្ពុជា និង ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា។ វេទិកានេះ ក៏នឹងជួយបង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ អ្នកសម្រេចចិត្តផ្នែកនយោបាយ និងអ្នកជំនាញ ក្នុងស្រុកផងដែរ។