សភាពាណិជ្ជកម្មកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយ ធនាគារអាហរ័ណនីហរ័ណថៃ
20 Jan, 2024 12:00 PM | 11 months ago
ទីក្រុងបាងកក៖ នាព្រឹកថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខា អនុស្សរណៈយោគយល់ជាមួយ លោក Rak Vorrakitpokatorn ប្រធានធនាគារអាហរ័ណនីហរ័ណថៃ ដើម្បីបង្កើតក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការអភិវឌ្ឍ និង គាំទ្រដល់ក្រុមហ៊ុនសហគ្រាសសក្តានុពលរបស់កម្ពុជា និងថៃ ខាងផ្នែកពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ តាមរយៈការផ្តល់ឥណទានលើការវិនិយោគ និងសេវាកម្មរបស់ក្រុមហ៊ុនសហគ្រាសកម្ពុជា និងថៃ។ ពិធីចុះអនុស្សរណៈយោគយល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
ព័ត៌មានលម្អិតសូមទាក់ទងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសភាពាណិជ្ជកម្មកម្ពុជា [email protected] ។