កម្មម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន«ឪកាសវិនិយោគនៅខេត្តកំពង់ធំ»
03 Jul, 2024 09:27 AM | 4 months ago
កម្មម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
«ឪកាសវិនិយោគនៅខេត្តកំពង់ធំ»
.........................................................................
(ខេត្តកំពង់ធំ)៖ នារសៀលថ្ងៃអង្គារ ១១ រោជ ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ឪកាសវិនិយោគនៅខេត្តកំពង់ធំ» ក្នុងគោលបំណងឱ្យសមាជិកសមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានជួបជុំផ្លាស់សិក្សាស្វែងយល់ពីឪកាសអាជីវកម្មក្នុងខេត្តកំពង់ធំ ក៏ដូចជាការប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។
ក្រោមអធិបតីភាព ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ ឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត ឧកញ៉ា អនុប្រធាន ក៏បានចូលរួមជាវាគ្មិនកិត្តិយស ហើយក៏មានវាគ្មិនកិត្តិយសមួយរូបបន្ថែមទៀត លោក ហម គីមឆេង ប្រធានស្តីទីនាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។
កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន 70 នាក់ ដើម្បីទទួលបានបទពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលម្អអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពី សហគ្រិនខ្មែរ ឧបត្ថម្ភដោយ ធនាគាវីង (ខេមបូឌា)ម.ក, សមាគមន៍វិនិយោគនវានុវត្តន៌និងអភិវឌ្ឍ(IDI) និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារទាំងអស់
ជាកិច្ចបញ្ចប់នៃកម្មវិធី ឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានមានមតិចូលរួមក្នុងការបិទកម្មវិធី និងបានវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយ សមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗពីវាគ្មិនកិត្តិយសដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីខាងលើបានបញ្ចប់នូវល្ងាចថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។